ព័ត៌មានជាតិ

កូរ៉េខាងជើង បង្ហាញពីមីស៊ីលផ្លោង បំពាក់នុយក្លេអ៊ែរ ក្រោយពេលកំណត់ គោលនយោបាយ នុយក្លែអ៊ែរ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានចេញផ្សាយផ្ទាំង ផ្សាយពាណិជ្ជកម្មថ្មី ដែលបង្ហាញពីមីស៊ីលផ្លោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួន ដែលធ្វើដូច្នេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំនិងបន្ទាប់ពីប្រទេសនេះ បានកំណត់គោលនយោបាយ ច្បាប់ស្តីពីនុយក្លេអ៊ែរ របស់ខ្លួនកាលពី សប្តាហ៍មុន ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ហៅថា KCNA បានរាយការណ៍ថា ផ្ទាំងរូបភាពចំនួនពីរដែលមានកាំជ្រួច គឺស្ថិតក្នុងចំណោមផ្ទាំងផ្សាយ ជាបន្តបន្ទាប់ ដើម្បីលើកទឹកចិត្តប្រជាជនកូរ៉េខាងជើង ឱ្យអនុវត្តគោលដៅ ដែលបានគូសបញ្ជាក់ ដោយមេដឹកនាំ គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាគោលនយោបាយ កាលពីសប្តាហ៍មុន ។

ទីភ្នាក់ងារ KCNA បានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសកូរ៉េខាងជើង បានកំណត់សិទ្ធិប្រើប្រាស់ ការវាយប្រហារនុយក្លេអ៊ែរ ជាមុនដើម្បីការពារខ្លួន នៅក្នុងច្បាប់ថ្មីមួយ ដែលលោក Kim បានលើកឡើងថា ធ្វើឱ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួន “មិនអាចត្រឡប់វិញបាន” និងរារាំងកិច្ចពិភាក្សា ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ។

ទីភ្នាក់ងារ KCNA បានឲ្យដឹងថា ផ្ទាំងរូបភាពបានគូសបញ្ជាក់ ពីតម្រូវការក្នុងការ “ធ្វើឱ្យកងកម្លាំងប្រដាប់អាវុធ នៃសាធារណរដ្ឋកាន់តែមានអំណាច ដោយផ្តល់អាទិភាពកំពូល ដល់ការកសាងសមត្ថភាព ការពារជាតិ” KCNA បានឲ្យដឹងដូច្នេះ ។

គួរបញ្ជាក់ថា នេះជាលើកដំបូងក្នុងរយៈពេល ប្រហែល៥ឆ្នាំ ដែលផ្ទាំងរូបភាពថ្មីបង្ហាញអំពី អាវុធនុយក្លេអ៊ែរ នេះបើយោងតាមគេហទំព័រ NK News ដែលតាមដានពីសកម្មភាពរបស់ប្រទេសកូរ៉េខាងជើង ។

នៅឆ្នាំ២០១៨ កូរ៉េខាងជើង បានដកផ្ទាំងរូបភាពប្រឆាំងអាមេរិក និងយោធាជាច្រើនសន្លឹក នៅពេលដែលលោក គីម ចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំពិភពលោក ផ្សេងទៀត ។

ចាប់តាំងពីការទូតបានជាប់គាំង នៅឆ្នាំ២០១៩ ប្រធានបទប្រឆាំងអាមេរិកជាប្រវត្តិសាស្ត្រ បានត្រលប់មកបង្ហាញជាសាធារណៈវិញ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top