ព័ត៌មានជាតិ

សម្ដេចតេជោ៖ ពិភពលោកកំពុងប្រឈម នឹងឧបសគ្គជាច្រើន អាស៊ានត្រូវផ្ដល់ សារសំខាន់កាន់តែខ្លាំង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ដោយឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម ជាដើម។

នាឱកាសអញ្ជើញថ្លែងក្នុង ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម យន្តការពហុភាគីនិយម និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការប្រឆាំងនឹងការគាំពារនិយម ការលើកកម្ពស់ភាពធន់រឹងមាំនៃច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល ។ ការតភ្ជាប់ និងភ័ស្តុភារកម្ម ការកសាងសេដ្ឋកិច្ចឌីជីថល កិច្ចការពារបរិស្ថាន ការប្រើប្រាស់ថាមពលស្អាត និងការអភិវឌ្ឍប្រកបដោយចីរភាព និងការរក្សាសន្តិសុខស្បៀង ។ ទន្ទឹមគ្នានឹងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ និងកិច្ចខិតខំប្រឹងប្រែង ឲ្យបានខ្លាំងជាងមុន ក្នុងការស្ដារឡើងវិញសេដ្ឋកិច្ចតំបន់ និងសកលលោកដែលមានភាពធន់ និងចីរភាព»។

សម្ដេចតេជោបន្ដថា បន្ថែមលើនេះ ចក្ខុវិស័យអាស៊ាន ក្រោយឆ្នាំ២០២៥ ដែលអាស៊ានកំពុងរៀបចំនេះ គួរផ្តោតការគិតគូជា យុទ្ធសាស្ត្រលើបញ្ហាថ្មីៗ រួមមាន៖ ការវិវត្តរីកចម្រើននៃវិស័យសេដ្ឋកិច្ចឌីជីថល និងការកាត់បន្ថយគម្លាត ឌីជីថលក្នុងតំបន់ការពង្រឹងភាពធន់ អាស៊ានទៅនឹងគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនានា, ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង, ការការពារពលករចំណាកស្រុក, ការអភិវឌ្ឍពលកម្មជំនាញ និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាដើម។

សម្ដេចតេជោថា អាស៊ានគួរបន្តបង្កើនការភ្ជាប់ ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ដោយឈរលើគោលការណ៍សមភាព និងការផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក តាមរយៈការទាញយកផលប្រយោជន៍ ជាអតិបរមាពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីតំបន់ អាស៊ាន និងអាស៊ានបូក១ ដែលមានស្រាប់ ដោយការដំឡើងកម្រិតបន្ថែម ជាពិសេសការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

សម្ដេចតេជោឲ្យដឹងទៀតថា ទាក់ទងនឹងការទាញយក អត្ថប្រយោជន៍ជាអតិបរិមា ពីកិច្ចព្រមព្រៀង អាសិប, ប្រទេសជាសមាជិកគួរខិតខំ អនុវត្តនូវការសន្យានានា ហើយបន្តចរចាបើកច្រកទីផ្សារ សំដៅទាក់ទាញការចូលរួម ពីបណ្តាប្រទេសដែលមាន សេដ្ឋកិច្ចធំៗដទៃទៀត ។

សម្ដេចតេជោបញ្ជាក់ថា បញ្ហាសំខាន់មួយទៀត ដែលអាស៊ានត្រូវគិតគូបន្ថែមទៀត គឺការឆ្លើយតបទាន់ពេលវេលា ទៅនឹងនិន្នាការថ្មីៗនៅក្នុងនិម្មាបនកម្ម ពាណិជ្ជកម្មសកល។ បញ្ហាថ្មីៗ រួមមាន៖ វិបត្តិប្រេងឡើងថ្លៃ, អត្រាអតិផរណាខ្ពស់បរិស្ថាន, បម្រែបម្រួលអាកាសធាតុ, ជំងឺឆ្លងរាតត្បាតជាដើម កំពុងជំរុញឲ្យមាននិន្នាការឆ្ពោះទៅ រកការធ្វើពាណិជ្ជកម្មក្នុងគន្លងថ្មីក្នុងតំបន់ និងក្នុងពិភពលោក ក៏ប៉ុន្តែមិនមានន័យថាបញ្ហាទាំងនេះ នឹងតម្រូវឲ្យបណ្តាប្រទេសនៅក្នុងពិភពលោក ប្រើប្រាស់ជាឧបករណ៍គាំពារនិយម, បង្កើតជារបាំងពាណិជ្ជកម្ម និងបន្ទច់បង្អាក់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក, ឬខិតខំកសាងច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដែលបម្រើឲ្យតែប្រទេសខ្លួន ឬក្រុមប្រទេសមួយក្តាប់តូច ដែលជាបក្ខពួកខ្លួននោះឡើយ ៕

To Top