ព័ត៌មានជាតិ

សម្តេចតេជោ បញ្ចេញរឿងសម្ងាត់ សម្តេច៧០-៨០% ក្នុងសៀវភៅមួយក្បាល ដែលមនុស្សភាគច្រើនមិនបានដឹង (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបញ្ចេញរឿងសម្ងាត់ របស់សម្តេចប្រមាណ ជា៧០-៨០ភាគរយ នៅក្នុងសៀវភៅមួយក្បាល ដែលសរសេររៀបរាប់អំពីសម្តេច ដែលមនុស្សភាគច្រើនមិនបានដឹង។

សៀវភៅសម្តេចបញ្ចេញជាសាធារណៈ ក្នុងបណ្តាញសង្គមហ្វេសប៊ុក អមដោយសំណេរខ្លីល្មម នាថ្ងៃ១៥ កញ្ញានោះ មានចំណងជើងថា “សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាស ជោគវាសនាកម្ពុជា” ។

ទោះមិនទាន់ចែកចាយសៀវភៅ ជាសាធារណៈ ប៉ុន្តែសម្តេចបានបង្ហើបថា ដល់ពេលដែលត្រូវបញ្ចេញ នូវរឿងរ៉ាវមួយចំនួនដែលមនុស្សភាគច្រើន មិនបានដឹង ។ សម្តេចថា លោក កែវ បាភ្នំ ប្រធានគណៈស្រាវជ្រាវ ប្រវត្តិសាស្រ្តគណបក្សប្រជាជន និងជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានសរសេរសៀវភៅមួយក្បាល ដែលមានចំនួន៦០១ទំព័រ ។

សម្តេចរៀបរាប់បន្តថា “សៀវភៅនេះ បានបញ្ចេញនូវរឿងសម្ងាត់ ប្រមាណ៧០ទៅ៨០ភាគរយ ដែលមនុស្សភាគច្រើន មិនបានដឹងដែលខ្ញុំយល់ថា ចាំបាច់ត្រូវបញ្ចេញឲ្យដឹងនាពេលនេះ” ។

ជាមួយគ្នានេះ សម្តេចក៏កំពុងឲ្យបោះពុម្ភចំនួន ៥ម៉ឺនច្បាប់ និងចាត់ចែងឲ្យមានការបកប្រែជាភាសាអង់គ្លេស ដើម្បីឲ្យមិត្តភក្រ័បរទេសបានផងដែរ៕

To Top