ព័ត៌មានជាតិ

បណ្ឌិត គិន ភា ៖ វេទិកាកិច្ច សហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ជាកាទូតសាធារណៈ ដ៏មានសារៈសំខាន់ ធ្វើឲ្យទំនាក់ទំនងអាស៊ាន និងចិនកាន់តែល្អប្រសើរ

វេទិកាកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៥ កញ្ញា ។ អ្នកវិភាគនៅកម្ពុជា វាយតម្លៃខ្ពស់ថា វេទិកានេះគឺជាកាទូតសាធារណៈ ធ្វើឱ្យទំនាក់ទំនងចិនអាស៊ាន កាន់តែល្អប្រសើរឡើង ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញ ចូលរួមវេទិកានេះដែរ បានមានប្រសាសន៍ ប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ជាការកត់សម្គាល់ លោកវាយតម្លៃបានថា វេទិកានេះពិត ជាមានសារៈសំខាន់ ដែលជំរុញឲ្យមានការយល់គ្នា កាន់តែប្រសើរឡើង ដែលជាផ្នែកមួយ នៃកាទូតសាធារណៈ ក្នុងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន។

លោកពន្យល់បន្តថា នៅពេលដែលអ្នកសារព័ត៌មាន អាចយល់ពីគ្នាទៅវិញទៅមក ហើយអាចនាំមកនូវព័ត៌មានពិត នូវព័ត៌មានដែលផ្អែក លើមូលដ្ឋានភស្តុតាង វិទ្យាសាស្ត្រ ភស្តុតាង ហេតុការណ៍ អង្គហេតុគ្រប់គ្រាន់នោះ គឺប្រជាពលរដ្ឋទាំងអាស៊ាន និងចិនអាចទទួលបានព័ត៌មានពិត ហើយនៅពេល ដែលប្រជាពលរដ្ឋទទួលបានព័ត៌មានពិត នោះរូបភាពដែលមើល ចំពោះទំនាក់ទំនង រវាងអាស៊ាន និងចិន ក៏មានភាពត្រឹមត្រូវ ប្រកបដោយវិចារណញ្ញាណ និងមនសិការគ្រប់គ្រាន់ ។

«យើងដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស រវាងប្រទេសនិងអង្គការ តំបន់ផ្សេងទៀត ដូច្នេះ ខ្ញុំគិតថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ នេះ ពិតជារួមចំណែកយ៉ាងសំខាន់ សម្រាប់ធ្វើឲ្យកាន់តែប្រសើរឡើងនូវទំនាក់ទំនង រវាងអាស៊ាននិងចិន»។

គួរបញ្ជាក់ថា វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២មានការអញ្ជើញ អគ្គលេខាធិការដ្ឋានអាស៊ាន មន្ត្រីរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន អង្គទូតប្រចាំនៅប្រទេសចិន និងអ្នកទទួលខុសត្រូវ ប្រព័ន្ធផ្សព្វផ្សាយធំៗ មកចូលរួមក្នុងកម្មវិធីផ្សេងៗ ដោយមានឡើងថ្លែង សុន្ទរកថាគន្លឹះ ពិភាក្សាប្រធានបទសំខាន់ៗ និង ប្រកាសពីសមិទ្ធផលកិច្ច សហប្រតិបត្តិការ វិស័យប្រព័ន្ធផ្សព្វផ្សាយផងដែរ ក្នុងគោលបំណង ជំរុញឱ្យប្រព័ន្ធ ផ្សព្វផ្សាយ ផ្ដល់សេវាកម្មជូនវឌ្ឍន ភាពកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ បន្តបង្កើនការស្វែងយល់ និងជំនឿចិត្តរវាង ប្រជាជននៃភាគីទាំងពីរ ផ្ដល់ភាពវ័យឆ្លាត នៃប្រព័ន្ធផ្សព្វផ្សាយ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន អាស៊ានកាន់តែស៊ីជម្រៅ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top