ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ ! សម្ដេចតេជោ មិនញញើតដៃ ដកតំណែងអភិបាលរាជធានី ខេត្ត ឬនគរបាល-អាវុធហត្ថ ដែលមិនទទួលខុសត្រូវ លើមុខងារ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនញញើតដៃ ជាមួយនឹងការដកចោល ចេញពីមុខតំណែងអភិបាលខេត្ត អភិបាលរង អភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្ក៥ឡើងលើ ដោយសម្ដេច នឹងចេញអនុក្រឹត្យ បញ្ចប់ភារកិច្ចចោលតែម្ដង ប្រសិនបើរកឃើញថា មិនទទួលខុសត្រូវ លើមុខងាររបស់ខ្លួន ។

តាមរយៈសារសំឡេងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុនសែន បានចេញបញ្ជាដោយម៉ឹងម៉ាត់បំផុត ឲ្យចាត់វិធានការបង្រ្កាប ឲ្យបានទាន់ទេពេលវេលា ដាច់ណាត់បំផុត និងមិនអាចបណ្ដោយឲ្យសភាពការណ៍បង្កឡើង បែបអណាធិបតេយ្យ ក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឺងម៉ាត់ ត្រួវតែដាច់ខាត ។

សម្ដេចតេជោ បន្តថាល្បែងស៊ីសងមិនមែន ជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្ដាលឲ្យមនុស្សជាច្រើន ត្រូវខូចខាត ត្រូវលក់គោ-ក្របី និងលក់ដីធ្លី ដើម្បីចាញ់ល្បែង ដែលមានល្បែងជល់មាន់ រហូតមានដល់ប្រភេទល្បែងជល់មាន់ តាមប្រព័ន្ធអនឡាញ ឬក៏លេងតាមអនឡាញ នៅតាមតុកាហ្វេ ឬតាមទីកន្លែងនានា កន្លែងខ្លះ ភូមិ-ឃុំខ្លះ សារព័ត៌មានបានជួយចុះផ្សាយ ក៏ប៉ុន្តែមិនព្រមធ្វើ ជាពិសេសបណ្ដាអធិការស្រុក ប៉ុស្តិ៍នរគបាលនៅតាមភូមិ-ឃុំ មិនព្រមអើពើបង្រ្កាប ។

សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ ទៅអភិបាលខេត្ត រាជធានីថា បណ្ដាទីតាំងបនល្បែងទាំងឡាយ ដែលមានការប្រកបអាជីវកម្ម ដូចជាលក់គុយទាវ ហាងកាហ្វេ ដែលបង្កប់នូវបនល្បែងចាំបាច់ត្រូវតែបិទចោល ដោយមិនឲ្យប្រកបរបបរកស៊ីតទៅទៀត ត្រូវធ្វើវិធានការនេះ ឲ្យដាច់ណាត់បំផុត ។

ជុំវិញការបង្រ្កាបល្បែងស៊ីសងនេះសម្ដេចតេជោ លើកឡើងថា គ្មានការចាំបាច់មករំខាន ដល់នាយករដ្ឋមន្រ្តី ឬរដ្ឋមន្រ្តីមហាផ្ទៃនោះទេ។ ប្រសិនបើអស់លោកអភិបាលខេត្ត អភិបាលស្រុក យកការទទួលខុសត្រូវមួយ ក្នុងឋានៈជាគណៈបញ្ជាការឯកភាព ដែលបញ្ជាទៅលើ នរគបាលជាតិ កម្លាំងនរគបាលនៅតាមខេត្ត កម្លាំងអាវុធហត្ថនៅតាមខេត្ត និងកម្លាំងយោធានៅតាមខេត្ត ថ្នាក់ស្រុក និងថ្នាក់ខណ្ឌ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់អស់លោកមិនធ្វើ ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោលើកចំណោទជាបញ្ហាថា តើចង្វាចិញ្ចឹមឆ្ដោរឬយ៉ាងណា? សម្ដេចតេជោថា សម្ដេចមិនយល់ស្របជាមួយនូវអ្វីដែលកំពុងកើត ហើយដែលមានស្ថានភាពគួរឲ្យស្អប់ខ្ពើម។

សម្ដេចតេជោបានថ្លែង បញ្ជាក់ទៅ អភិបាលគណៈអភិបាលខេត្ត គណៈអភិបាលស្រុក-ខណ្ឌ-ក្រុង យ៉ាងដូច្នេះថា “យកការទទួលខុសត្រូវ ដើម្បីពិនិត្យមើលអំពីបញ្ហានេះ ហើយត្រូវធ្វើឲ្យច្បាស់ ត្រូវធ្វើឲ្យឌិតដល់ នៅក្នុងសេចក្ដីសម្រេចក៏បានបញ្ជាក់ថា ត្រូវរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជ្រាបនិងស្នើសូមមតិដឹកនាំបន្ត ។ នេះជាកិច្ចការរបស់ថ្នាក់ជាតិ ដែលជាចេញជាគណៈកម្មាធិការបង្រ្កាប ការលែងស៊ីសងខុសច្បាប់គ្រប់គ្រប់ភេ ទ។ ក៏ប៉ុន្តែខ្ញុំគិតថា កម្លាំងមូលដ្ឋានគ្រប់គ្រាន់ ដើម្បីធ្វើកិច្ចការងារនេះ មុនពេលដែលក្រុមការងារចុះទៅដល់។ បញ្ហាស្ថិតនៅត្រង់ថាអស់លោកធ្វើ ឬមិនធ្វើ? ហើយខ្ញុំមិនញញើតដៃជាមួយនឹងការដកចោល ចេញពីមុខដំណែងជាមួយអភិបាលខេត្ត ឬអភិបាលរង ឬអភិបាលស្រុក ឬក៏ឋានៈនាយទាហាន នគរបាល អាវុធហត្ថ ចាប់ពីស័ក្ក៥ឡើងលើ ខ្ញុំនឹងចេញអនុក្រិត្យ បញ្ចប់ភារកិច្ចចោលតែម្ដង”។

សម្ដេចបន្តទៀតថា កន្លែងលេងល្បែងមួយចំនួន មិនមែនមន្រ្តីមូលដ្ឋាន មិនដឹងនោះទេ ទាំងកម្លាំងនគរបាលនិងអាវុធហត្ថ ឬមន្រ្តីរដ្ឋបាល ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើ? ឬក៏កន្លែងនោះ ជាទីកន្លែងរកប្រាក់របស់អស់លោក?

បន្ថែមលើនេះសម្ដេចតេជោ ក៏បានអំពាវនាវដល់បណ្ដាអ្នករកស៊ី និងអ្នកបើកបនល្បែងទាំងឡាយ ប្រសិនបើចង់ បន្តអាជីវកម្ម និងកុំឲ្យមានការបិទទ្វារ សម្រាប់អាជីវកម្មរបស់ខ្លួន ត្រូវដកចេញជាបន្ទាន់ នូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ បើពុំដូច្នោះទេអ្នកនឹងខូចមុខ របបរបស់អ្នក តាមរយៈនៃការដាក់កម្រិត ដោយដកអាជ្ញាប័ណ្ណមិនឲ្យប្រករបបតទៅទៀត ។ សម្ដេចតេជោថា នេះមិនមែនជាបទបញ្ជា ដើម្បីបំផ្លាញប្រជាពលរដ្ឋនោះទេ តែជាបទបញ្ជា ដើម្បីសេចក្ដីសុខនិង ការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កុំឲ្យចាញ់នៅក្នុងវង់ល្បែងនិងកុំឲ្យមានការបែកបាក់ និងកុំឲ្យមានចោរលួច-ប្លន់ ដោយសារតែការចាញ់ល្បែង ។ សម្ដេចក៏បានអំពាវនាវ ដល់ពលរដ្ឋកុំចូលរួមលេងល្បែង ដើម្បីរក្សាប្រាក់កាសនិងទ្រព្យសម្បត្តិ ប្រសើរជាងយកលុយទៅបោះចោលក្នុងបនល្បែងនោះ នឹងធ្វើឲ្យខ្លួនជំពាក់បំណុលគេ លក់ទ្រព្យសម្បត្តិ និងក្លាយជាជនចំណាកស្រុក និងមានជម្លោះក្នុងក្រុមគ្រួសារទៀតផង ៕

To Top