ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ខិតខំសហការជាមួយ ប្រទេសសមាជិកអាស៊ាន គាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ សហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជំរុញសមាហរណកម្មតំបន់ និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ នេះជាការលើកឡើងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ានឆ្នាំ២០២២ ។

នាកាសអញ្ជើញចូលរួម ថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី “ការជម្រុញវិស័យហរិញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មស្មោះត្រង់” នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ លោក ប៉ាន សូរស័ក្តិ បានថ្លែងថា សហភាពអឺរ៉ុប ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា និងដៃគូពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ក៏ដូចជាចូលរួមលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូសន្ទនារវាង តំបន់អាស៊ាននិងសហភាពអឺរ៉ុប តាមរយៈការផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស និងការរៀបចំព្រឹត្តិការណ៍ ជំរុញពាណិជ្ជកម្ម-ធុរកិច្ច។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការ ជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញ សមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលផងដែរពីតួនាទី ដ៏សំខាន់របស់វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យមដែលជាកត្តាលីករជំរុញ ការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ និងបន្តកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន”។

លោកក៏បានសម្ដែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការដ៏ល្អរបស់ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងដៃគូរពាក់ព័ន្ធដ៏ទៃទៀត នាពេលកន្លងមក ក្នុងការរួបរួមគ្នាដោះស្រាយវិបត្តិនានាក្នុងតំបន់ និងពិភពលោក ៕

To Top