កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា និង លោក វង្សប៊ុន វិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានដឹកនាំកិច្ចប្រជុំ ដោយមានការចូលរួមពី លោក លោកស្រីជាអភិបាល រងខេត្ត និងមន្ត្រីពាក់ព័ន្ធ អង្គភាពកងកម្លាំង ប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង ស្រុក ទាំង១០ ដើម្បីដាក់ចេញនូវវិធានការ មួយចំនួន ឈានទៅបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ចាម ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា មកដល់ពេលនេះល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដាច់ខាតត្រូវតែបង្ក្រាបឲ្យអស់ពីមូលដ្ឋាន បូករួមទាំងការជួញដូរមនុស្ស ការសម្អាតលុយកខ្វក់ និងបទល្មើសគ្រឿងញៀន ដែលកើតមានត្រូវបង្ក្រាបឲ្យគ្រប់ជ្រុងជ្រោយ ។ ជាមួយគ្នានេះ សមត្ថកិច្ចត្រូវកំណត់ទីតាំង ដែលធ្លាប់ធ្វើអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ត្រូវបន្តធ្វើកិច្ចសន្យា ឲ្យម្ចាស់ទីតាំងទាំងនោះទទួលខុសត្រូវ ចំពោះមុខអាជ្ញាធរ ដោយធានាថា មិនឲ្យមានការលេងល្បែង ស៊ីសងខុសច្បាប់ ។
លោកអភិបាលខេត្ត បានសំណូមពរសូមឲ្យមន្ត្រីមានសមត្ថកិច្ចទាំងអស់ ហាមពាក់ព័ន្ធជាមួយនឹងបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ជាងនេះទៅទៀតសូមឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ធ្វើការណែនាំបន្ថែមទៅមន្ត្រីរបស់ខ្លួន នៅឯមូលដ្ឋានកុំឱ្យពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងកុំបិទបាំង ។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាព ក្រុង ស្រុក បន្តសហការជាមួយស្ថាប័នអយ្យការសាលាដំបូងខេត្ត ដោយត្រូវដើរទន្ទឹមគ្នាទាំងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ រួមទាំងសារព័ត៌មាន ត្រូវបន្ត នូវកិច្ចសហការឈានទៅបង្ក្រាបឲ្យបានជោគជ័យ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម លោក វង្សប៊ុន វិសុទ្ធ បានលើកឡើងផងដែរថា ទាក់ទិនការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ សូមឱ្យសមត្ថកិច្ច ត្រូវផ្ដោតសំខាន់ទៅលើវត្ថុតាង នឹងត្រូវប្រមូលឧបករណ៍ ជាធាតុផ្សំ នៃល្បែងស៊ីសងនោះ ឲ្យបានគ្រប់គ្រាន់ ដើម្បីចងក្រងឯកសារ ចាត់ការទៅតាមនីតិវិធី ៕