ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំអាជ្ញាធរត្រូវ ពង្រឹងយន្តការទប់ស្កាត់ និងឆ្លើយតបករណីកុមារ ដើម្បីផ្តល់សេវាយុត្តិធម៌សង្គម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងយន្តការ សម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងឆ្លើយតបករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារា-កុមារី។

តាមរយៈសារាចរ ស្ដីពី «ការអនុវត្តអនុសាសន៍របស់ គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ» ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងយន្តការ សម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឱ្យមាន សមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នា ក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាព សាធារណៈ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត»។

សម្ដេចតេជោ បន្ដថា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីលើកកម្ពស់ការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ សំដៅធ្វើឱ្យសម្រេចបាននូវ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍ ប្រកបដោយចីរភាព, ត្រូវពង្រឹងប្រព័ន្ធពិនិត្យ តាមដាននិងវាយតម្លៃ ជាពិសេស បង្កើតប្រព័ន្ធទិន្នន័យកុមារ ឱ្យបានទូលំទូលាយ ហើយត្រូវបំពេញតួនាទី ជាសេនាធិការជូនរាជរដ្ឋាភិបាល ដោយកំណត់ច្រកចេញចូលតែមួយ។

សម្ដេចតេជោ បន្ថែមថា ភាគីពាក់ព័ន្ធត្រូវជំរុញការប្ដេជ្ញាជាសកល តាមរយៈការកៀរគរធនធាន ទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាស្ថិរភាព ព្រមទាំងពន្លឿនវឌ្ឍនភាពឆ្ពោះទៅរក ការសម្រេចគោលដៅនានា នៃការអភិវឌ្ឍប្រកបដោយ ចីរភាពនិងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្ដេច ថា គ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាលដែលពាក់ព័ន្ធ ដើម្បីជំរុញអនុវត្តអនុសាសន៍ ដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ច នានាឱ្យទទួលបានជោគជ័យ សំដៅជំរុញនិងលើកកម្ពស់ការ អនុវត្តសិទ្ធិកុមារនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ ឡើង ក្នុងគោលដៅធានា ឧត្តមប្រយោជន៍របស់កុមារ។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងផ្ដល់ការឧបត្ថម្ភគាំទ្រដល់ ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារគ្រប់ថ្នាក់ ក្រសួង ស្ថាប័ន និងអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ សំដៅជំរុញការអនុវត្តអនុសញ្ញាស្ដីពី សិទ្ធិកុមារឱ្យទទួលបានជោគជ័យថែមទៀត ៕

To Top