ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃកម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានប្ដូរវេន បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនាបូក៣ រួមមាន ៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ លើកទី១២ (12th AMMTC + 3 Consultation) តាមប្រព័ន្ធវីដេអូ។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះភាពជាដៃគូដ៏ល្អរវាងអាស៊ាន និងប្រទេសដៃគូ បូក៣ ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់តម្លៃខ្ពស់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នាពេលនេះ ក្នុងឱកាសក្រសួងមហាផ្ទៃកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ៕

To Top