ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ដែលរងគ្រោះដោយសារ របបប្រល័យពូជសាសន៍ប៉ុលពត ក្នុងគោលដៅដើម្បីបង្ការកុំឱ្យ មានព្រឹត្តិការណ៍បែបនេះ កើតឡើងសារជាថ្មីម្ដងទៀត។
នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រម ស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះ របបប្រល័យពូជសាសន៍នោះ។
សម្ដេចតេជោ រំលឹកថា កន្លងមកលោក និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍ ។ សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌នៅថ្ងៃនេះ ហើយ៤៣ឆ្នាំមុន បានរួចពីការស្លាប់នៃរបបប្រល័យពូជសាសន៍ ដោយមានការជួយពីប្រទេសវៀតណាម។
សម្តេចតេជោ បានបញ្ជាក់ទៀតថា “ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ក្នុងគោលដៅដើម្បីបង្ការកុំឱ្យមានព្រឹត្តិការណ៍ស្ថានភាពបែបនេះកើតឡើងសារជាថ្មីទៀត”។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់អំពីការចូលរួមរបស់ប្រទេសកម្ពុជាក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។ កម្ពុជាត្រៀមក្នុងការចូលរួមបន្ថែមនៃកងទ័ពចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ ហើយសម្ដេចក៏បានអរគុណចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងក្របខណ្ឌអាស៊ាន ដោយសម្ដេចបានអញ្ជើញ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ ដែលគ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាខែវិច្ឆិកា ២០២២ខាងមុខនេះ។
សម្តេចតេជោ បន្ដថា ឆ្នាំនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលនឹងមានវត្តមាន ប្រធានាធិបតី និង នាយករដ្ឋមន្ត្រី ពីបណ្ដាប្រទេស ជាដៃគូសន្ទនារបស់អាស៊ាន។
ជាការឆ្លើយតប លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានមានប្រសាសន៍អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ។ លោក មានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ លោក បានគូសបញ្ជាក់ថា នេះជាការងារមួយដែល ឯកឧត្តមបានចងចាំយ៉ាងច្បាស់ ។
លោក ពិតជារីករាយយ៉ាងក្រៃលែង ចំពោះកម្ពុជាដែល បានចូលរួមក្នុងក្របខ័ណ្ឌប្រតិបត្តិការរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិកន្លងទៅនេះ។ ពាក់ព័ន្ធទៅនឹងបញ្ហា កិច្ចប្រជុំអាស៊ានខាងមុខនេះ លោក នឹងពិចារណានៃការចូលរួមក្នុងកិច្ចប្រជុំនាពេលខាងមុខនេះ ពីព្រោះកន្លងទៅនេះ លោកក៏ធ្លាប់មកប្រទេសកម្ពុជាផងដែរ តែក្នុងនាមជាអ្នកទេសចរណ៍ ដូច្នេះ លោកពិតជាចង់ត្រឡប់មកប្រទេសកម្ពុជាសារជាថ្មី ជាពិសេស លោកនឹងជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន៕