ភ្នំពេញ ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហម ក្រោយពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។
ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក Antonio Guterres បានថ្លែង”អបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហមនេះ”។
លោក មានការចងចាំច្បាស់ណាស់ថា សម្ដេចតេជោបានដឹកនាំផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាមួយនឹងការជួយរបស់ប្រទេសវៀតណាម។ ដូច្នេះក្នុងន័យនេះ លោក បានគូសបញ្ជាក់ថា នេះជាការងារមួយដែល លោកបានចងចាំយ៉ាងច្បាស់។
នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហប្រជាជាតិ។ ដែលនៅថ្ងៃនេះ តុលាការកូនកាត់នេះ បានប្រកាសសាលក្រមស្វែងរកយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។
សូមរំលឹកថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅថាសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម។ សាលដីកានេះ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយផ្តន្ទាទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង៕