ព័ត៌មានជាតិ

សម្ដេចតេជោ អញ្ជើញក្រុមហ៊ុនបង់ក្លាដែស មកវិនិយោគ​លេីការ​សាងសង់ ​រោងម៉ាស៊ីនកិនស្រូវ នៅកម្ពុជា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យមានការនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដែសមានស្ថេរភាព សម្ដេច អញ្ជើញក្រុមហ៊ុនរបស់បង់ក្លាដែស មកវិនិយោគនៅកម្ពុជា ដើម្បីធ្វើជាធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ រួចនាំចេញទៅបង់ក្លាដែស។

នាឱកាជួបពិភាក្សាការងារជាមួយលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា ។

សម្ដេចតេជោបញ្ជាក់ថា «ប៉ុន្តែអ្វីដែលចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណា ដើម្បីឱ្យមានការនាំអង្ករពីប្រទេសកម្ពុជាទៅកាន់បង់ក្លាដែសឲ្យមានស្ថេរភាព ជាពិសេស សម្ដេច ក៏បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស»។

ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្ត្រី បានស្នើឱ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកស្រី បន្ដថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។ តាមរយៈនេះ លោកស្រី មានប្រសាសន៍ថា «យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឱ្យកាន់តែច្រើន»។

លើសពីនេះ លោកស្រី នាយករដ្ឋមន្ត្រី ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ដែលអាចចាប់ផ្ដើមការចរចា ដើម្បីឱ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។ 

សម្តេចតេជោ បន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

To Top