ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្តល់ថវិកា ដល់អ្នកបានជួយជនរងគ្រោះបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក នៅកោះតាង

ភ្នំពេញ៖ យោងតាម ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៣ កញ្ញានេះ បានឲ្យដឹងថា សម្រាប់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ចំនួន០១នាក់ នឹងផ្តល់ជូនថវិកា លើកទឹកចិត្តចំនួន២លានរៀន។

ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍លិចទូកចំនួន ០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០​នាទីព្រឹក​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ ។ 

ក្នុងនោះ កម្លាំងអង្គភាពបង្រ្កាប ចំនួន១៦នាក់ និងមធ្យោបាយចំនួន០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់។ 

ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី០៣នាក់។ បច្ចុប្បន្នជនរងគ្រោះទាំង១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន២៣នាក់បន្តទៀត។ 

ជាមួយគ្នានេះកម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី  ដោយឡែកទូករក្សាទុកនៅអង្គភាព។ 

សូមជម្រាបជូនថា ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង២៣នាក់ បាន និងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា “សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល”៕

To Top