ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចាកចេញពីទីក្រុងញ៉ូវយ៉ក ឆ្ពោះទៅកាន់ ប្រទេសគុយបា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ប្រទេសគុយបា ដែលមានរយៈពេលហោះហើរជាង៣ម៉ោង។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា «សូមជូនពរប្រមុខដឹកនាំ និងគណៈប្រតិភូទាំងអស់មានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរទៅកាន់ប្រទេសគុយបា»។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស, សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន ដដែល បានលើកឡើងថា ក្នុងរយៈពេល ៦២ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា និងគុយបា បានរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងនេះ អស់រយៈពេល ៤៣ឆ្នាំ(១៩៧៩-២០២២)គឺស្មើ នឹង ២/៣ នៃការធ្វើដំណើរទាំងមូល។ ទស្សនកិច្ចចុងក្រោយរបស់ សម្ដេច ធ្វើឡើងនៅ ឆ្នាំ២០០០។

សម្ដេចតេជោ បន្ដថា រយៈពេល ២២ឆ្នាំក្រោយ សម្ដេច ធ្វើទស្សនកិច្ចសាជាថ្មីម្តងទៀត ក្នុងគោលបំណងពង្រឹងចំណង មិត្តភាពដែលមានស្រាប់ឱ្យកាន់តែរឹងមាំថែមទៀត។ សម្ដេច អរគុណប្រជាជនគុយបា ដែលបានជួយ ដល់ប្រជាជនកម្ពុជាក្នុងពេលដែលយើងជួបការលំបាកបំផុត ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។ (ជួយគ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាក)៕

To Top