ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់UN ថា ស្ថានភាពនៅមីយ៉ាន់ម៉ា គួរឱ្យព្រួយបារម្ភ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់មហាសន្និបាត អង្គការសហប្រជាជាតិ (UN) ថា ពិតណាស់ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ អាចបង្កជាផលប៉ះពាល់ ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាព នៃតំបន់ទាំងមូល។

នាឱកាសអញ្ជើញថ្លែងមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៧ នៅទីក្រុងញ៉ូវយ៉ក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រធានបទ «អាសានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដែលបង្ហាញពីស្មារតីរឹងមាំនៃការរួបរួមគ្នា គ្របដណ្ដប់លើបញ្ហាចម្បងៗទាំងអស់។ ជាការពិត បញ្ហាប្រឈមទាំងនេះ មានផលប៉ះពាល់យ៉ាងទូលំទូលាយលើដំណើរការ កសាងសមគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅ។

សម្ដេចតេជោ បន្ដថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានប្តេជ្ញាចិត្តដូចសព្វដង ក្នុងការច្របាច់បញ្ចូល កិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីដោះ ស្រាយនូវគោលដៅរួម ក្នុងការនាំមកនូវផលប្រយោជន៍ ដល់ប្រជាជន ដោយផ្អែកលើ ស្មារតីនៃមជ្ឈភាព ឯកភាព និងសាមគ្គីភាពអាស៊ាន។

សម្ដេចតេជោ បញ្ជាក់ថា «ពិតណាស់ ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា មានសភាពគួរឱ្យព្រួយបារម្ភ ដែលអាចបង្ក ជាផលប៉ះពាល់ដោយផ្ទាល់ទៅលើសន្តិសុខ និងស្ថិរភាពនៃតំបន់ទាំងមូល ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា វិបត្តិនេះ គឺស្មុគស្មាញជាមួយនឹងមូលហេតុដែលចាក់ឬសយ៉ាងជ្រៅ»។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា ក្នុងនាមជាប្រធាន អាស៊ាន កម្ពុជាប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិ ហើយកិច្ចខិតខំប្រឹង ប្រែងរបស់យើងទាំងអស់ គឺសំដៅស្វែងរកការបញ្ចប់អំពើហិង្សា ការនាំមកនូវជំនួយមនុស្សធម៌ដល់ ប្រជាជនខ្វះខាត និងការស្វែងរកការកសាងទំនុកចិត្ត ក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធ សំដៅបើកឱ្យ មានការសន្ទនានយោបាយរួមមួយ ដូចដែលបានកំណត់ ដោយកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាន៕

To Top