ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា បុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ប្រកបដោយជោគជ័យ រក្សាបានសុវត្ថិភាពគ្រប់ផ្នែក

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ព្រមទាំងរក្សាបានសុវត្ថិភាពគ្រប់ផ្នែក ជាពិសេស ការពារមិនឱ្យមានការរីករាលដាល នៃជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ពេល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នឹងបន្តដំណើរឆ្ពោះទៅប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក អាបេ, សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំ មានការរីករាយ ដោយសារតែនៅក្នុងប្រទេសរបស់យើង ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ បានប្រារព្ធពិធីភ្ជុំបិណ្ឌប្រកបដោយជោគជ័យ នឹងការរក្សាបាននូវសុវត្ថិភាពគ្រប់ផ្នែក ជាពិសេស គឺការពារបានដ៏ល្អប្រសើរ មិនឱ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩»។

សម្ដេចតេជោ បន្ដថា ក្នុងពេលចុងក្រោយ និងរហូតមកដល់ថ្ងៃនេះ សម្ដេច ក៏បានទទួលព័ត៌មានពីក្រសួងសុខាភិបាលជាបន្ដបន្ទាប់ ហើយអ្នកឆ្លងជំងឺកូវីដ-១៩ ក្រោម ១០ករណី ព្រមទាំង ទទួល ព័ត៌មាន នូវអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ វិញ ជាប់ជាប្រចាំផងដែរ។ លើសពីនេះ សម្ដេច ក៏បន្ដទទួលព័ត៌មាននានា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោ បន្ដថា ទោះបីឆ្នាំនេះ សម្ដេច មិនបានចូលរួមពិធីបុណ្យជាមួយប្រជាពលរដ្ឋក៏ដោយ សម្ដេច សប្បាយរីករាយជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងពេលពួកគាត់ធ្វើបុណ្យយ៉ាងសប្បាយរីករាយ ដែលខុសប្លែកពីឆ្នាំទៅ ដែលកម្ពុជាស្ថិតនៅក្នុស្ថានភាពដ៏អាក្រក់នៃកូវីដ-១៩៕

នាឱកាសនោះ សម្ដេចតេជោ សង្ឃឹមថា នឹងវិលត្រឡប់ដោយសុវត្ថិភាព ក្រោយចូលរួមបុណ្យសព លោក អាបេ អតីតនាយករដ្ឋមន្ដ្រីជប៉ុន ហើយនៅទីនោះ សម្ដេច នឹងជួបពិភាក្សាជាមួយ នាយករដ្ឋមន្ដ្រី ជប៉ុន ផងដែរ៕

To Top