ព័ត៌មានជាតិ

បញ្ជូនខ្លួន អ្នកបើកល្បែងស៊ីសង ៦នាក់ ទៅឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ

ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ក្រុមអ្នកញៀនល្បែងស៊ីសង ស្រី-ប្រុស ចំនួន ៦នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ បើកបនល្បែងស៊ីសង ដោយខុសច្បាប់ ប្រព្រឹត្ត នៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ លោក ខាន់ សុខា ជា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា: ជនត្រូវចោទទាំង៦នាក់ ដែលត្រូវជាប់ក្នុងពន្ធនាគារ ខាងលើនេះ មាន ឈ្មោះ : ១- ឃិន សារ៉ន ហៅ ម៉ាក ភេទប្រុស អាយុ៦០ឆ្នាំ, ២-ឈ្មោះ ឃួន ធី ភេទស្រី អាយុ៥៥ឆ្នាំ, ៣- ឈ្មោះ ហ៊ួ ស្រី ភេទស្រី អាយុ៤០ឆ្នាំ,៤- ឈ្មោះ សេង ម៉ៅ ហៅ ស្រី អាយុ៣០ឆ្នាំ, ៥- ឈ្មោះ ភឿក ណាង ភេទស្រី អាយុ៥០ឆ្នាំ និង ៦-ឈ្មោះ ម៉ាក ស្រី ភេទស្រី អាយុ៤៣ឆ្នាំ ។

ពួកគេត្រូវបានជាប់ចោទពីបទ: កត់កន្ទុយលេខដោយខុសច្បាប់, បើកលេងល្បែងស៊ីសងដោយខុសច្បាប់ និងលេងល្បែងដោយខុសច្បាប់ តាមបញ្ញត្តិមាត្រា ៤ និង៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ កាលពីពេលថ្មីៗនេះ៕

ដោយ: លីហ្សា

To Top