ព័ត៌មានជាតិ

ប្រធានាធិបតីគុយបា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា សប្តាហ៍ក្រោយ

ភ្នំពេញ ៖ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចនៅគុយបា លោក មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ប្រធានាធិបតីគុយបា ក៏នឹងអញ្ជើញធ្វើដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជា នាសប្តាហ៍ក្រោយផងដែរ ពោលនៅដើមខែតុលា ឆ្នាំ២០២២ខាងមុខ ។

នេះបើតាមការបញ្ជាក់ពីលោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក្នុងសន្និសីទសារព័ត៌មានក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើដំណើរមកមាតុមកដល់ប្រទេសវិញនារសៀលថ្ងៃ២៨ កញ្ញា ។

គម្រោងនៃការធ្វើដំណើរមកកាន់កម្ពុជារបស់ប្រធានាធិបតីគុយបានេះ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចបានបំពេញទស្សនកិច្ចនៅគុយបាជាលើកទី២ កាលពីថ្ងៃ២៤-២៥ កញ្ញា ។

សម្តេចតេជោ បានធ្វើដំណើរទៅគុយបាម្តងរួចមកហើយ កាលពីជាង២០ឆ្នាំមុន(ឆ្នាំ១៩៩៩) បន្ទាប់ពីកម្ពុជាបានបង្កើតទំនាក់ទំនងការទូតជាមួយគុយបាកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញទស្សនកិច្ចជាថ្មីម្តងទៀតរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្រោយអាក់ខានជាង២០ឆ្នាំមកនេះ សម្តេចតេជោបានប្រកាសផ្តល់អង្ករចំនួន៦ពាន់តោនទៅគុយបា ។ អង្ករនេះនឹងដឹកចេញពីកម្ពុជានាអំឡុងខែតុលា ហើយតាមគម្រោងនឹងដល់គុយបានៅក្នុងខែធ្នូខាងមុខ។

អ្វីកាន់តែពិសេសទៀតនោះ ភាគីទាំង២កម្ពុជា-គុយបា ក៏បានចុះអនុស្សរណៈយោគយល់គ្នាចំនួន៥ចំណុចផងដែរ ៖ ១- កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ , ២- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំង២ , ៣- អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា , ៤- គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសនៃប្រទេសទាំង២ និង៥- អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា ៕

To Top