ព័ត៌មានជាតិ

ឥទ្ធិពល ព្យុះ ណូរុ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេហក់ខ្ពស់ លិចតំបន់មួយចំនួន​ នៅតាមដងទន្លេ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ដោយសារឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ “NORU” មកលើអាងទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន នៅក្នុងអាងទន្លេមេគង្គ នឹងធ្វើឲ្យកម្ពស់ទឹកទន្លេ ហក់ឡើងខ្ពស់ បណ្តាលឲ្យលិចលង់តំបន់ទំនាបមួយចំនួន អមតាមដងទន្លេ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនាថ្ងៃ២៩ កញ្ញានេះ បានឲ្យដឹងថា ទឹកទន្លេមេគង្គនឹងហក់ឡើង ក្នុងរយៈពេលពី៣-៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ១០,០០ ម៉ែត្រ , ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ២១,០០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ១៤,៣០ ម៉ែត្រ ។ រីឯនៅស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខ ទឹកអាចឡើងដល់កម្ពស់ ៩,៤០ ម៉ែត្រ ។

ក្រសួងបញ្ជាក់ថា “ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមានការប្រុងប្រយ័ត្ន នៅឡើយទេ តែទឹកអាចនឹងហូរចូលលិចតំបន់ទំនាបមួយចំនួន អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្តាព្រែកបន្ថែមទៀត” ។

ចំណែក នៅតំបន់ភាគឦសាន ទឹកទន្លេសេកុងកំពុងហក់ឡើង ដែលអាចប្រឈមនឹងទឹកជំនន់ ៕

To Top