ព័ត៌មានជាតិ

សម្ដេចតេជោ ៖ មន្ដ្រីរដ្ឋាភិបាល ឬអ្នកវិនិយោគ ពេលទៅអាមេរិក កុំយកអ្នកផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅទីនោះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល ឬអ្នកវិនិយោគថា រាល់ពេលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ត្រូវធ្វើឡើងដោយភាពត្រឹមត្រូវ កុំឆ្លៀតយកមនុស្សផ្សេងទៅជាមួយ ដើម្បីឆ្លៀតឱកាសរស់នៅអាមេរិកតែម្តង ហើយលែងមកកម្ពុជាវិញ ។ សម្តេចបើមានករណីនេះ នឹងធ្វើឲ្យអាមេរិកដាក់ទណ្ឌកម្មទាំងអស់គ្នា ។

ក្នុងវេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស លើកទី៦» នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា គណៈប្រតិភូកម្ពុជាពេលធ្វើដំណើរទៅអាមេរិក គឺមានទិដ្ឋាការត្រឹមត្រូវ ប៉ុន្ដែគណៈប្រតិភូខ្លះឆ្លៀតដាក់មនុស្សទៅជាមួយ ដែលមនុស្សទាំងនោះទៅដល់អាមេរិកហើយ អត់ព្រមត្រឡប់មកកម្ពុជាវិញ។

សម្ដេចតេជោបញ្ជាក់ថា «សូមរំលឹកដាស់តឿនចំពោះមន្ដ្រីរាជរដ្ឋាភិបាលទាំងអស់ ឬក៏អ្នកវិនិយោគទាំងឡាយដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក សូមធ្វើឲ្យបានត្រឹមត្រូវ។ ខ្លះថា សូមទៅជាមួយ ទៅហើយមិនព្រមមកវិញ ដល់ចឹងអាមេរិក មិនដាក់ទណ្ឌកម្មអ្នកស្នាក់នៅអាមេរិកខុសច្បាប់ប៉ុណ្ណោះទេ ដាក់ទាំងប្រធានគណៈប្រតិភូតែម្ដង ដែលថ្ងៃក្រោយលែងចូលអាមេរិកបាន»។

សម្ដេចតេជោបន្ដថា ដូច្នេះនេះជាសារក្រើនរំលឹកដល់មន្ដ្រីរាជរដ្ឋាភិបាល និងអ្នកវិនិយោគទាំងអស់នេះ ដើម្បីរក្សាភាពថ្លៃថ្នូររបស់ គណៈប្រតិភូរបស់កម្ពុជាទៅកាន់ប្រទេសដ៏ទៃ៕

To Top