ព័ត៌មានជាតិ

សម្តេចតេជោ៖ ពីមុនជនជាតិខ្មែរ ត្រូវគេជួញដូរទៅបរទេស តែឥឡូវជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង

ភ្នំពេញ៖ ខណៈកំពុងបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរមនុស្សនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងបែបហួសចិត្តថា កាលពីដើមឡើយមានប្រជាពលរដ្ឋខ្មែរ ត្រូវបានជួញដូរទៅបរទេស ប៉ុន្តែបច្ចុប្បន្នជនបរទេសត្រូវបាន គេធ្វើការជួញដូរមកស្រុកខ្មែរវិញម្តង។

ត្រង់ចំណុចនេះ សម្តេចបានលើកជាសំណួរថា តើបណ្តាលមកពីអ្វី? តែសម្តេចក៏បានផ្តល់ជាចំលើយមកវិញដែរ គឺទាក់ទិនទៅនឹងកម្ពុជាមានសន្តិភាព ព្រោះបើមិនដូច្នេះទេ គេមិនអាចមកកម្ពុជានោះទេ ។ នេះជាប្រសាសន៍របស់សម្តេចតេជោ ក្នុងវេទិកាជាតិអន្តរសាសនា ប្រឆាំងការជួញដូរមនុស្សលើកទី៦ នាថ្ងៃ២៩ កញ្ញា ។

សម្តេចសង្កត់ធ្ងន់ថា សភាពការណ៍មានការប្រែប្រួល គឺចាប់ពីពលរដ្ឋកម្ពុជាធ្វើការ នៅក្រៅប្រទេសត្រូវបាន ចាញ់បោកគេក្នុងការជួញដូរ តែបច្ចុប្បន្នបែរជាមានជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង ។ ដូច្នេះចំណុចនេះត្រូវតែមើលឃើញ ។

បន្ថែមពីលើករណីនេះទៀត សម្តេចគូសបញ្ជាក់ថា “ពីមុនមានជនជាតិខ្មែរ ត្រូវគេជួញដូរទៅបរទេស តែឥឡូវមានជនបរទេស ត្រូវគេជួញដូរមកស្រុកខ្មែរវិញម្តង តើចំណុចនេះផ្តើមចេញពីអ្វី? ចំណុចនេះគឺទាក់ទិន នឹងកម្ពុជាមានសន្តិភាព ។ បើមិនដូច្នេះទេ គេមិនអាចមកកម្ពុជានោះទេ។ ប៉ុន្តែក៏ផ្តើមចេញអំពីចំណុច ខ្សោយណាមួយដែលបង្កើត ឲ្យមានបញ្ហាដែលគេជ្រៀតចូល មកធ្វើអាជីវកម្មនៅកម្ពុជា ដូច្នេះវត្តមានដែលជនបរទេស ដែលគេជួញដូរនៅកម្ពុជា គឺផ្ទុយស្រឡះនូវអ្វីដែល​ បានកើតពីមុនដែលមានតែ គេជួញដូរតែខ្មែរទៅបរទេស ហើយការជួញដូរនេះ ខ្លះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ”។

បើតាមសម្តេចតេជោបញ្ជាក់ ក្រោយទទួលរបាយការណ៍ពីសម្តេច ស ខេង ដែលជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បន្ទាប់ពីបើកប្រតិបត្តិការ បង្ក្រាបទ្រង់ទ្រាយធំ កាលពីប៉ុន្មានខែមុននោះ បានរកឃើញជនបរទេស ជាច្រើនពាន់នាក់ និងមានសញ្ជាតិច្រើនកំពុងធ្វើការនៅកម្ពុជា ប៉ុន្តែចំពោះជនរងគ្រោះ ដែលគេជួញដូរនៅកម្ពុជា មានត្រឹមតែរយនាក់ប៉ុណ្ណោះ ហើយក៏បានជួយសង្រ្គោះ ពួកគេជាបន្តបន្ទាប់ផងដែរ ។ បើសម្តេចដដែល ជនបរទេសមកធ្វើការកម្ពុជា ហើយរងគ្រោះមានឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម ៕

To Top