ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម លើកទឹកចិត្ត ដល់ក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះ ឲ្យប្រឹងប្រែងប្រកួត ដណ្ដើមជ័យលាភី ត្រឡប់មកខេត្តវិញ

កំពង់ចាម ៖ ក្នុងពិធីសំណេះសំណាល ជាមួយក្រុមល្ខោនបាសាក់ នាយ ប៉េងប៉ោះខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២២ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងលើកទឹកចិត្តដល់ក្រុមសិល្បករ សិល្បការិនី ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ប្រកួតដណ្ដើមជ័យលាភី ត្រឡប់មកខេត្តវិញ ។

លោក ស៊ិន ភារម្យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានឲ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំមហោស្រព សិល្បៈមហាជន ទូទាំងប្រទេស ក្រោមប្រធានបទ វប្បធម៌ដើម្បីសន្តិភាព ។ ក្នុងនោះខេត្តកំពង់ចាម ត្រូវបានជ្រើសរើសក្រុមល្ខោនបាសាក់ នាយប៉េងប៉ោះ ដែលមានសិល្បករ សិល្បការិនី ចំនួន ២០នាក់ ចូលរួមប្រកួត ផ្នែកល្ខោនបាសាក់ ចំនួន ៤ ក្រុមទៀត ក្នុងនោះ ខេត្តកែប ១ក្រុម , ខេត្តបន្ទាយមានជ័យ ១ក្រុម , ខេត្តកណ្តាល ១ក្រុម , រាជធានីភ្នំពេញ ១ក្រុម ដែលត្រូវប្រលង នៅថ្ងៃទី៣ និងទី៤ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ ។

លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានបានមានប្រសាសន៍ ផ្តាំផ្ញើដល់ក្រុមសិល្ប:ករ សិល្ប:ការិនី ដែលត្រូវទៅប្រកួតប្រជែង ផ្នែកល្ខោនបាសាក់ នៅថ្នាក់ជាតិថា ឱ្យខិតខំលើកកម្ពស់នៅតម្លៃសិល្បៈ វប្បធម៌ជាតិ របស់យើង នឹងត្រូវប្រកាន់ខ្ជាប់ នៅគោលការណ៍ រក្សាវប្បធម៌ជាតិ យើងឲ្យបានផ្គុំថ្កើន តាមរយៈចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ។ ម្យ៉ាងទៀត ផ្នែកល្ខោនបាសាក់ ខេត្តកំពង់ចាម ធ្លាប់មានឈ្មោះល្បីល្បាញយូរមកហើយ និងធ្លាប់បានទទួលចំណាប់អារម្មណ៍ ពីប្រជាពលរដ្ឋ ក៏ដូចជាមជ្ឈដ្ឋានទូទៅ ដូច្នេះ ក្រុមសិល្បៈករ សិល្ប:ការិនីយើង ត្រូវខិតខំឲ្យអស់ពីសមត្ថភាព ដើម្បីប្រលងដណ្ដើមយកជ័យលាភី ផ្ដល់កិត្តិយសអោយខេត្តរបស់យើង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីប្រជាពលរដ្ឋបន្តទៀត លើផ្នែកល្ខោនបាសាក់នេះ ៕

To Top