នយោបាយ

សម្តេចតេជោ៖ ក្រុមប្រឆាំងវាយប្រហារCPP រហូតដល់រលាយខ្លួនឯង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ក្រុមប្រឆាំងតែង តែមានទម្លាប់បើកការ វាយប្រហារ ក្នុងគោលបំណងបំបែកបំបាក់ សាមគ្គីភាព របស់គណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូល ហ៊ុន រហូតដល់រលាយខ្លួនឯង។

ក្នុងមួយរយៈពេលចុងក្រោយនេះ ក្រុមអ្នកវិភាគ ដែលមាននិន្នាការប្រឆាំងទៅនឹង រាជរដ្ឋាភិបាលកម្ពុជា បានបើកការវាយប្រហារ ជាច្រើនលើកច្រើនសារ អំពីមិត្តភាពរវាង ​លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី បន្ទាប់ពីកូនប្រុស របស់សម្ដេចតេជោ ទាំងពីររូបនេះ ចាប់ផ្តើមលេចធ្លោរ នៅក្នុងឆាកនយោបាយជាតិ និងអន្តរជាតិ ។

សូមរំលឹកថា កាលពីកន្លងមក ក្រុមប្រឆាំងក៏តែងតែប្រើ នូវមធ្យោបាយបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ផងដែរ តែពុំដែលទទួលបានលទ្ធផលល្អណាមួយ ក្រៅពីរលាយបក្សខ្លួននោះឡើយ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា “មុននេះថា គណបក្សប្រជាជនទាស់គ្នា ទៀ បាញ់ ទៅផ្សេង ស ខេង ទៅផ្សឹង ម៉ែន សំអន ទៅផ្សេង សាយ ឈុំ ទៅផ្សឹង អស់ពីនោះថា ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី ទាស់គ្នាម្តងដណ្តឹមគ្នាធ្វើនាយករដ្ឋមន្ត្រី ចប់ ! កូនរបស់នាយករដ្ឋមន្ត្រី ឬចៅរបស់នាយករដ្ឋមន្ត្រី អត់មានទម្លាប់ទាស់គ្នា គ្រួសារនេះអត់មានទម្លាប់ទាស់គ្នាទេ”។

ពាក់ព័ន្ធទៅនឹងក្រុមគ្រួសារ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា “ត្រកូលហ៊ុន អត់ចេះទាល់គ្នាទេ សូមផ្តាំទៅត្រឡប់ទៅវិញ ធ្វើម៉េចឱ្យតែអ្នកឯងត្រូវគ្នា ទៅបានហើយ អត់ចាំបាច់មកប្រដៅ គណបក្សប្រជាជនទេ ហើយក៏មិនចាំបាច់មក ប្រដៅគ្រួសារ​ខ្ញុំដែរ រៀបចំគ្រួសារអ្នកឯងឱ្យល្អទៅ បើគ្រួសារខ្ញុំមិនកើត មិនមែនគ្រួសារខ្ញុំអាចមានសុខដុមរមនារហូតដល់ពេលនេះ បើសិនជាគ្រួសារមួយ មិនអាចត្រួតត្រាបាន តើយើងទៅត្រួតប្រទេស ម្តេចកើត?” ។

ដោយឡែកពាក់ព័ន្ធជាមួយនឹងផ្ទៃក្នុងបក្ស សម្តេចតេជោ បានអះអាងថា ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា គឺចេះរស់នៅជាមួយគ្នា ដោយមិនរង្គោះរង្គើ រយៈពេលជាង៤០ឆ្នាំមកហើយ។ សម្តេចទទួលស្គាល់ថា កន្លងទៅធ្លាប់បញ្ហាខ្លះ ដែលលើកមកជជែកគ្នា ហើយនោះគ្រាន់តែជាប្រជាធិបតេយ្យផ្ទៃក្នុងបក្ស ប៉ុណ្ណោះ។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោបានរិះគន់ចំពោះក្រុមប្រឆាំង ដែលបែកបាក់ដោយសារតែមានក្បាលម៉ាស៊ីន នយោបាយ២ផ្សេងគ្នា មានគំនិតផ្សេងគ្នា ហើយឱ្យតែមានបញ្ហា ជាមួយគ្នាបន្តិចបន្តួច គឺវាយប្រហារគ្នា តាមបណ្តាញសង្គម ដែលធ្វើឱ្យរលំរលាយ ដូចសព្វថ្ងៃ៕

To Top