ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ មុខសញ្ញាជឿតាមមេខ្លោង នៅក្រៅប្រទេស មិនឱ្យសងលុយធនាគារ​ ត្រូវរឹបអូស​ទ្រព្យសម្បត្តិ​មុនគេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា មុខសញ្ញាណាដែលជឿតាមការឃោសនា របស់មេខ្លោងនៅក្រៅប្រទេស កុំឲ្យសងលុយធនាគារ គឺត្រូវធ្វើការរឹបអូសទ្រព្យសម្បត្តិមុនគេ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣,៨៦៦នាក់ នាព្រឹកថ្ងៃទី៣ តុលានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានអ្នកខ្លះសន្យាថា ពេលដែលឈ្នះឆ្នោតធ្វើមេឃុំ កុំសងលុយធនាគារ ដែលនេះហើយជាមុខសញ្ញា ។ សម្ដេចថា ខ្លួនឯងជាមេខ្យល់ ខ្ចីលុយធនាគារយកទិញម៉ូតូជិះ ឬយកទៅលេងល្បែងអស់ រួចហើយទៅដើរឃោសនាថា បើឈ្នះឆ្នោតគឺកុំសងលុយធនាគារ ។

​សម្ដេចតេជោ បន្ថែមថា ពេលដែលកម្ពុជា ជួបវិបត្តិកូវីដ១៩ រូបសម្ដេចនេះហើយ ដែលជាអ្នកអំពាវនាវស្នើសុំឲ្យ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ផ្ដល់ការយោគយល់ចំពោះ អ្នកជំពាក់ប្រាក់ ដោយសុំកុំឲ្យធ្វើការរឹបអូស ក្នុងពេលនោះ ហើយនិងផ្ដល់ការយោគយល់រៀបចំឥណទានសារជាថ្មី ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ចាក់ថា «យើងកំពុងតែអំពាវនាវ អាហ្នឹងស្រាប់តែមានចលនា នៃបក្សនយោបាយ គេហៅថា ក្រុមឧទ្ទាមក្រៅច្បាប់ ពីខាងក្រៅថា កុំសងប្រាក់ ចឹងខ្ញុំប្រកាសតែម្ដង មើលមុខអ្នកណាដែល ចេញធ្វើអាហ្នឹង សូមលើកទឹកចិត្តឲ្យរឹបអូសតែម្ដង…ចេះស្ងាត់ដែរតើ បើដឹងថា អ្នកឯងតាមមេខ្លោងរបស់អ្នកឯង ញុះញង់ ខ្ញុំលើកទឹកចិត្តឲ្យរឹបអូស» ។

សម្ដេចបន្តថា «បើកុំសងលុយ ខ្ញុំប្រកាសតែម្ដងថា មុខសញ្ញាណាដែលតាមមេខ្លោង ពីខាងក្រៅប្រទេស ដែលមិនឲ្យសងរឹបអូសអាហ្នឹងមុនគេ» ៕

To Top