ព័ត៌មានជាតិ

ជនជាតិវៀតណាម ឡើងមកឆក់ត្រី ក្នុងទឹកដីឃុំបាសាក់ ស្រុកស្វាយជ្រុំ អាជ្ញាធរមិនអើពើ

ស្វាយរៀង ៖ មានជនជាតិវៀតណាម ជាច្រើនអ្នកបានជិះទូក លួចឆ្លងដែនខុសច្បាប់ ចូលមកទឹកដីកម្ពុជា ដើម្បី ធ្វើសកម្មភាព ឆក់ត្រីយ៉ាងរំភើយ អាជ្ញាធរនិង សមត្ថកិច្ចពាក់ព័ន្ធមិនអើពើ ទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត រាយការណ៍មកអ្នកសារព័ត៌មាន ដើម្បីចុះផ្តិតរូបភាពធ្វើការផ្សព្វផ្សាយ ។

យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានប្រាប់ជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹង នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ នេះថា កាលពីម្សិលមិញថ្ងៃទី ២ ខែតុលាមានជនជាតិវៀតណាមបានជិះទូក ឆក់ត្រីជាច្រើនគ្រឿង ស្ថិតនៅក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ពលរដ្ឋបានលើកឡើងថា ចំពោះទីតាំងមួយនេះពួកគាត់ តែងតែឃើញជនជាតិវៀតណាម ជិះទូកមកឆក់ត្រី ស្ទើរជារៀងរាល់ថ្ងៃ បើក្រឡេកមើលអាជ្ញាធរ និង សមត្ថកិច្ចជំនាញ ដែលពាក់ព័ន្ធ នៅក្នុងមូលដ្ឋានវិញ មិនបង្ក្រាបនោះឡើយ ដោយបណ្ដោយឲ្យជនជាតិ វៀតណាម មកឆក់ត្រីយ៉ាងរំភើយ ។ ដោយពេលខ្លះជនជាតិវៀតណាម មកឆក់ត្រីហើយបានផ្ដាច់ម៉ង ដាក់ត្រីលក្ខណ:គ្រួសារ របស់ប្រជាពលរដ្ឋខ្មែរ ដាច់អស់ក៏មានដែរ ។

ជុំវិញករណីខាងលើនេះដែរ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទំនាក់ទំនងទៅលោក សោម សុភ័ណ្ឌ អធិការស្រុកស្វាយជ្រំ នៅថ្ងៃទី៣ ខែតុលា ឆ្នាំនេះ បានទេ ។

ផ្ទាំងពាណិជ្ជកម្ម

ទោះជាយ៉ាងណា ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ មេត្តាបង្ក្រាបជនជាតិវៀតណាម ដែលមកឆក់ត្រីនៅទឹកដីក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទាំងនេះផង ជាពិសេសពលរដ្ឋ សូមស្នើរដល់លោក ស្នងការនគរបាលខេត្ដស្វាយរៀង ដែលទើបប្រកាស ចូលកាន់ដំណែងថ្មីៗ មានចំណាត់ការ ចំពោះករណីជនជាតិវៀតណាម ដែលមកឆក់ត្រីលើទឹកដីខេត្តស្វាយរៀងនេះ ឱ្យមានប្រសិទ្ធភាពផង ប្រសិនបើពុំដូច្នេះទេ ពូជត្រីនឹងត្រូវបាត់បង់ជាក់ជាមិនខានឡើយ ។

ទោះបីយ៉ាងណា បើតាមការឲ្យដឹង ពីប្រជាពលរដ្ឋមួយចំនួន នៅខេត្តស្វាយរៀង បានបញ្ជាក់ថា ឈ្មួញវៀតណាម បានដឹកត្រីចិញ្ចឹមមកលក់ ក្នុងផ្សារនានាក្នុងខេត្ត ហើយទិញត្រី ពីប្រជាពលរដ្ឋ ដែលរកបាននៅក្នុងស្រែ ទៅលក់ស្រុកគេវិញ ៕

To Top