ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ ៤ចំណុចសម្រាប់លើកកម្ពស់ វិស័យកីឡា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ដល់ចំណុចគន្លឹះមួយចំនួនដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យកីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាដ៍ធំ ឱ្យទទួលបានជោគជ័យខ្ពស់ ។

អនុសាសន៍ទាំង៤ចំណុចនោះរួមមាន៖

ទី១ នៅថ្ងៃនេះមានការចូលរួមយ៉ាងសកម្មពីប្រទេស សមាជិក ដែលមានបទពិសោធន៍ជាច្រើន ឆ្នាំក្នុងវិស័យកីឡា ខ្ញុំសូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗ នៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡា កាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។

ទី២. ក្រុមប្រឹក្សាអូឡាំពិកអាស៊ី បង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើន ការផ្សារភ្ជាប់វិស័យកីឡាទៅនឹង វិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុក ជាប្រភេទទេសចរណ៍ បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាព ប្រកបដោយចីរភាពក្នុងតំបន់។

ទី៣. គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវបង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈ កម្មាធិការជាតិអូឡាំពិកនៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ាន ប៉ារ៉ានិងស្ថាប័នកីឡាអន្ដរជាតិ ក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជា ឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទួលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃ អនាគត។

ទី៤. អំពាវនាវដល់បណ្តាប្រទេសសមាជិក នៃក្រុមប្រឹក្សាអូឡាំពិកអាស៊ី មេត្តាផ្ដល់នូវការគាំទ្រ ក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យខ្ពស់៕

To Top