ព័ត៌មានជាតិ

សន្តិភាព និងភាពជោគជ័យ​ នៃការគ្រប់គ្រងកូវីដ នាំឱ្យកម្ពុជាអាចរៀបចំ ព្រឹត្តិការណ៍អន្តរជាតិធំៗ

ភ្នំពេញ៖ នៅចំពោះមុខបណ្ដាថ្នាក់ដឹកនាំ​ ក៏ដូចជាតំណាងប្រទេសជាច្រើន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្រ្តីនៃកម្ពុជា បានលើកឡើងថា ដោយសារតែកត្តាសុខសន្តិភាព និងភាពជោគជ័យ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បាននាំឱ្យកម្ពុជា អាចរៀបចំព្រឹត្តិការណ៍ អន្តរជាតិធំៗ ជាបន្តបន្ទាប់​។

ថ្លែងក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ទទួលបានជ័យជំនះប្រកបដោយ ផ្លែផ្កាគួរជាទីមោទនៈ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលធ្វើឱ្យកម្ពុជា ទទួលបានការទទួលស្គាល់ ជាអន្តរជាតិ ជាប្រទេសគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដោយជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ព្រមទាំងបានកែប្រែវិបត្តិដ៍ធំ ចំពោះមុខ នេះឱ្យទៅជាកាលានុវត្តភាព ក្នុងការជំរុញការអនុវត្តការដ្ឋាន កែទម្រង់សេដ្ឋកិច្ចសំខាន់ៗ ឱ្យកាន់តែស៊ីជម្រៅ ។

សម្ដេចតេជោ ហ៊ុន សែន បន្តថា រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តវិធានការកែទម្រង់ ព្រមទាំងវិធានការគាំទ្រចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការលើកកម្ពស់ និងជំរុញវិស័យឯកជន ទាំងក្នុងសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ ដែលកើតចេញ ពីការប្រែប្រួលនិន្នាការនានា ក្នុងពិភពលោក ជាពិសេសការផ្លាស់ប្ដូរ និងការធ្វើពិពិធកម្ម ខ្សែច្រវាក់ផលិតកម្ម និងការកើន ឡើង នៃការប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនថ្មីៗ និងបច្ចេកវិទ្យាឌីជីថល ទាំងក្នុងក្របខណ្ឌប្រទេស តំបន់ និងសកល។

សម្ដេចគូសបញ្ជាក់ថា «សុខសន្តិភាព និងភាពជោគជ័យនេះ បង្កលក្ខណៈអំណោយ ផលដល់កម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ ក៍ដូច ជាការជួបជុំមហាគ្រួសារ ក្រុមប្រឹក្សាអូឡាំពិកទាំង៤៥ ប្រទេស នាពេលនេះ» ៕

To Top