ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រីកម្ពុជា ព្រួយបារម្ភ ពីភាពទន់ខ្សោយ វិស័យកីឡាក្នុងទ្វីបអាស៊ី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជាបានចោទសួរថា តើហេតុអ្វីទៅបានជាវិស័យកីឡា នៅទ្វីបអាស៊ី នៅទន់ខ្សោយ? ជាពិសេស បាល់ទាត់ សូម្បីវគ្គកណ្ដាលផ្ដាច់ព្រ័ត្រ World Cup ក៏ពិបាកចូលដែរ ខណៈមានប្រទេសមួយចំនួនតូចប៉ុណ្ណោះ អាចចូលវគ្គជម្រុះ World Cup ជារៀងរាល់ពេល។

នាឱកាសអញ្ជើញបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា «ក្នុងពេលជំនួបជាមួយ ប្រធានក្រុមប្រឹក្សា OCA មិញនេះ ខ្ញុំបានលើកឡើងចំណុចចំនួន២ ទីមួយ អាស៊ី របស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡា របស់ទ្វីបរបស់យើងនៅទន់ខ្សោយ? ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថា ក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជន ជិត៣ពាន់លាននាក់ បូកនឹងអាស៊ាន ប្រមាណ៦០០លាននាក់ទៀត និងបូកបណ្ដាប្រទេសនានា គឺប្រជាជនច្រើនណាស់។ ប៉ុន្ដែបើនិយាយបាល់ទាត់ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូល ហើយក៏មានតែប្រទេស ចំនួនតូបប៉ុណ្ណោះ ដែលបានអាចចូល ទៅក្នុងវគ្គជម្រុះ World Cup ជារៀងរាល់ពេល»។

សម្ដេចតេជោបន្ដថា ចំពោះ World Cup ឆ្នាំ២០២២នេះវិញ សម្ដេចបង្ហាញការរីករាយ ព្រោះក្នុងតំបន់ទ្វីបអាស៊ី មានព្រឹត្តិការណ៍ World Cup នៅកាតា។ សម្ដេចសង្ឃឹមថា ក្រោយបញ្ចប់ការប្រកួត នឹងទទួលបានផ្លែផ្កាពីការប្រកួត World Cup នៅទីនោះ ក៏ប៉ុន្ដែអ្វីគួរសិក្សាបន្ថែម គឺតើមានមូលហេតុអ្វីខ្លះ? ដែលប្រជាជនចំនួនដ៏ច្រើន បែរជាកីឡារទន់ខ្សោយជាងទ្វីបដ៏ទៃ? បើប្រៀបធៀបជាមួយទ្វីបអឺរ៉ុប និងទ្វីបអាមេរិក គឺទ្វីបអាស៊ី មានភាពទន់ខ្សោយជាងគេ ដែលចំណុចនេះត្រូវគួរសិក្សាបន្ថែមទៀត។

សម្ដេចតេជោក៏រំលឹកថា មានប្រជាជនច្រើន មិនប្រាកដកីឡាខ្លាំងនោះទេ ហើយប្រជាជនតិច ក៏មិនប្រាកដថា កីឡាទន់ខ្សោយនោះទេ ហើយនេះជារឿងបានកើតឡើង ក្នុងតំបន់អាស៊ី។

ជុំវិញបញ្ហាកីឡានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីការពង្រឹងវិធានការ ក្នុងពេលការប្រកួត ព្រោះនាពេលថ្មីៗនេះ នៅឥណ្ឌូនេស៊ី មានការរត់ជាន់គ្នាស្លាប់ជាច្រើននាក់ ក្នុងពេលការប្រកួតបាលទាត់។

សម្ដេចតេជោ បញ្ជាក់ថា «សម្រាប់ចំណុចទីពីរ គឺជាចំណុចអំពីវិធានការនៃការពង្រឹងក្រមសីលធម៌នៃការ ប្រកួត ។ ហេតុអ្វីទៅ ដោយសារតែបញ្ហាការប្រកួត យើងឃើញថា សោកនាដកម្មមួយចំនួន បានកើតឡើងជាពិសេសថ្មីៗនេះ នៅឥណ្ឌូនេស៊ីអំពីហិង្សា និងការរត់ជាន់គ្នាស្លាប់ នៅប្រទេសមួយចំនួននៅអឺរ៉ុប ក៏មានព្រឹត្តិការណ៍កើតឡើ ង នៅទ្វីបដទៃក៏មានព្រឹត្តិការណ៍កើតឡើង»។

សម្ដេចតេជោ បន្ថែមថា ដូច្នេះចាំបាច់ណាស់ ត្រូវពង្រឹងក្របខ័ណ្ឌក្រមសីលធម៌ អំពីការប្រកួត មិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខណ្ឌ នៃការប្រកួត ឬប្រើអំពើហិង្សានោះទេ។ សម្ដេចថា នៅទ្វីបអាស៊ី មានភាពទន់ខ្សោយ នៃផ្នែកកីឡាពិតមែន ក៏ប៉ុន្ដែមិនត្រូវមានទន់ខ្សោយ ក្នុងផ្នែកសីលធម៌ក្នុងការគ្រប់គ្រង ខាងកីឡានោះឡើយ៕

To Top