ព័ត៌មានជាតិ

សម្តេចតេជោ ផ្តល់អនុសាសន៍៧ចំណុច សំដៅស្តារកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩

ភ្នំពេញ៖ ដើម្បីជាធាតុចូលក្នុងការចែករំលែក នូវការគិត និងទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានផ្តល់អនុសាសន៍ចំនួន៧ចំណុច ដល់សន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» លើការពិភាក្សាពីការស្តារ កម្ពុជាក្រោយវិបត្តិជំងឺកូវីដ១៩ ។

អនុសាសន៍ចំនួន៧ចំណុច រួមមាន៖

១៖ បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹងជំរុញការវិនិយោគ លើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាចជួយ និងការពារប្រជាជនពីជំងឺកូវីដ១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមាន ឡើងជាយថាហេតុនាពេលអនាគត។

២៖ ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគលើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូនប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្ត ពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្ដប់ ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ។

៣៖ ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះ និងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។

៤៖ ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំង លើការវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើតមុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យក ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាពចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាសធុរកិច្ច និងការលើកទឹកចិត្តឱ្យមាន ការចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម។

ទី៥៖ បច្ចេកវិទ្យាឌីជីថល បានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាព ឱ្យបណ្តាប្រទេសដែលមានសេដ្ឋកិច្ច កំពុងលូតលាស់ ឬកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្ម ប្រពៃណីទៅឧស្សាហកម្មទំនើប បានក្នុងរយៈពេលដ៏ខ្លី។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាន នូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» «គោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥» និងគោលនយោបាយ ពាក់ព័ន្ធផ្សេងទៀត។

៦៖ ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់ កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព តាមរយៈការគាំទ្រការពង្រីកកិច្ចសហប្រតិបត្តិការ លើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរកាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យាបៃតងជាដើម។

៧៖ កិច្ចការងារធំៗ ដែលខ្ញុំបានលើកខាងលើ ពិតជាត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និងវិស័យសាធារណៈ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ប្រកបដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួម ពីវិស័យឯកជន គឺពិតជាមានសារៈសំខាន់។ ជាមួយគ្នានេះដែរ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ បានទទួលលទ្ធផលល្អប្រសើរ ដែលបានអនុញ្ញាត ឱ្យរាជរដ្ឋាភិបាលបង្ហូរថវិកា កាន់តែច្រើនទៅកាន់វិស័យអាទិភាព បង្កើននូវធនធានវិនិយោគសាធារណៈ អាចសន្សំ លើកស្ទួយឯករាជ្យភាពផ្នែកថវិការបស់កម្ពុជា និងអនុវត្តគោលនយោបាយ និងវិធានការអន្តរាគមន៍ទាំងឡាយ ដើម្បីជួយប្រជាជន និងវិស័យឯកជន ដែលបាននឹងកំពុងបន្តទទួលរង នូវផលប៉ះពាល់ពីវិបត្តិកូវីដ១៩៕

To Top