ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ G20 និង APEC

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញចូលរួមកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំ APEC ប្រទេសថៃ នៅពាក់កណ្ដាលខែក្រោយ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចត្រូវបានអញ្ជើញទៅចូលរួមប្រជុំ G20 និង APEC ក្នុងនាមជាប្រធានអាស៊ាន និងជាភ្ញៀវរបស់ម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន នឹងជិះយន្តហោះទាំងយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅកោះបាលី ក្រោយចប់ពិធីលៀងសាយភោជន៍ ព្រះមហាក្សត្រកម្ពុជា និងព្រះចៅស៊ុលតង់ប្រុយណេ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «យប់ថ្ងៃទី១៤ (ខែវិច្ឆិកា) ខ្ញុំត្រូវហោះទៅបាលី ដើម្បីចូលរួមប្រជុំ G20 ក្នុងឋានៈជាប្រធានអាស៊ាន ដែលជាភ្ញៀវរបស់ម្ចាស់ផ្ទះ គឺឥណ្ឌូនេស៉ី។ ចេញពីនោះ ត្រូវហោះមកបាងកក ដើម្បីចូលរួមប្រជុំ APEC ហើយប្រធាន APEC បានអញ្ជើញខ្ញុំក្នុងឋានៈជាប្រធានអាស៊ាន»។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា ការងារជានាយករដ្ឋមន្ត្រី គ្មានសិទ្ធិឈឺ និងគ្មានសិទ្ធិត្អូញត្អែរនោះឡើយ៕

To Top