ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ការដឹងគុណគ្រូ គឺជាគំរូវីរភាពមួយ សម្រាប់មនុស្សជាតិ

លោកស្រីបណ្ឌិត ជា វណ្ណី សាស្ត្រាចារ្យបង្រៀននៅសកលវិទ្យាល័យនានា នៃប្រទេសកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៥ តុលា ២០២២ ដែលជាថ្ងៃរម្លឹកទិវាគ្រូបង្រៀនថា ក្នុងនាមលោកស្រី គឺជាគ្រូបង្រៀនម្នាក់ លោកស្រី ពិតជាសប្បាយរីករាយណាស់ ចំពោះការប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា ដោយសារតែទិវានេះ គឺជាការគោះជួង ឲ្យយុវជន សិស្សានុសិស្ស បានស្គាល់ពីគុណតម្លៃ និងគុណធម៌របស់ខ្លួន ចំពោះគ្រូបង្រៀន ខណៈដែលគ្រូបង្រៀន គឺជាធនធានមនុស្សដ៏សំខាន់ ក្នុងការបណ្តុះបណ្តាល បង្កើនធនធានមនុស្សកាន់តែច្រើន មិនថាសង្គមនៅកម្ពុជា និងបណ្តាប្រទេសនានា លើពិភពលោក ហើយបុគ្គលម្នាក់ៗមានចំណេះដឹង បានគឺអាស្រ័យលើគ្រូបង្រៀន។

សម្លេង៖ «គ្រូបង្រៀនគឺជាធនធានសំខាន់ណាស់ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា ដូច្នេះ ទិវាគ្រូបង្រៀននេះគឺជាទិវាមួយដ៏មានសារៈសំខាន់ ហើយសូមឲ្យយុវជន សិស្សានុសិស្ស បន្តការរៀបចំទិវាគ្រូបង្រៀន ដើម្បីដឹងគុណដល់គ្រូ ក៏ដូចជា សាស្ត្រាចារ្យដែលបង្ហាត់បង្រៀនយើងហ្នឹង ព្រោះថា គ្រូគឺជាមាតាបិតាទី២ ដែលជាសុភាសិតខ្មែរយើង បានន័យថា បន្ទាប់ពីមាតាបិតា ដែលគាត់ផ្តល់តម្លៃជីវិតរបស់យើងម្នាក់ៗ គឺជាគ្រូបង្រៀនហ្នឹងហើយ ដែលបង្រៀនឲ្យយើងចេះដឹង តាំងពីចំណេះដឹង ចំណេះធ្វើ ក្នុងការរស់នៅក្នុងសង្គម»

លោកស្រី បណ្ឌិត ជា វណ្ណី ដែលក៏ជាប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏សូមឲ្យយុវជន សិស្សានុសិស្ស តែងរម្លឹកដល់គុណគ្រូបង្រៀន ដែលមិនមែនមានត្រឹមថ្ងៃទិវាគ្រូបង្រៀន ៥ តុលា ប៉ុណ្ណោះទេ ពោលគឺជារៀងរាល់ថ្ងៃ ពេញមួយជីវិត ហើយសូមឲ្យយុវជន ផ្តល់តម្លៃជូនគ្រូបង្រៀន ព្រោះគាត់គឺជាអ្នកបណ្តុះបណ្តាល ឲ្យយើងមានចំណេះដឹង ជាពិសេស កុមារត្រូវចេះដឹងគុណគ្រូបង្រៀន តាំងពីថ្នាក់បឋម។

លោកស្រីបន្តថា កាលណាបើយុវជនចេះ ឲ្យតម្លៃដឹងគុណគ្រូ បានន័យថា គាត់គឺជាមនុស្សដែលមានគុណធម៌ក្នុងជីវិត គាត់នឹងមានតម្លៃផ្ទាល់ខ្លួនរបស់គាត់ ព្រោះយើងម្នាក់ៗសុទ្ធតែមានគ្រូ មិនថាគ្រូបង្ហាត់បង្រៀនចំណេះដឹង ឬ ចំណេះធ្វើអ្វីក៏ដោយ ដូច្នេះ នៅពេលដែលយើងមានវប្បធម៌ដឹងគុណគ្រូ នោះយុវជនយើងមានតម្លៃក្នុងជីវិត ធ្វើឲ្យជីវិតរុងរឿង ថ្កុំថ្កើង។

ជារួម លោកស្រីយល់ឃើញថា ការគោរពដឹងគុណនេះ គឺជាគំរូវីរភាពមួយ សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា។

សម្លេង៖ «គ្រូគឺសុទ្ធតែមានតម្លៃ ផ្តល់នូវចំណេះដឹងដល់យើងទាំងអស់គ្នា ដូច្នេះយើងជាយុវជន ត្រូវតែមានគុណធម៌ ចំពោះគ្រូៗ ត្រូវចេះគោរព ដឹងគុណគ្រូរបស់យើង … គ្រូមួយថ្ងៃគឺគ្រូមួយជីវិត»

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈ ដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស  ចំពោះគ្រូបង្រៀន នៅទូទាំងប្រទេស។ សម្រាប់ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង»  ក្រោមអធិបតីភាព ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលកម្មវិធីនេះបានរៀបចំឡើង នៅវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top