ភ្នំពេញ៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវ ដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំង ខេត្តពោធិ៍សាត់ ជាពិសេសប្រជាពលរដ្ឋរស់នៅ តាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង ។

តាមរយៈ សេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹកខេត្ត បានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាប (TC) បង្កអូសបន្លាយលើកម្ពុជា ជាមួយខ្យល់សុងពីខ្សោយ។ ទន្ទឹមនោះការជួបប្រសព្វគ្នា រវាងទ្រនុងសម្ពាធខ្ពស់ ពីចិន (ភាគខាងជើង) និងសម្ពាធទាប ដែលរុញពីក្រោម ក៏មានឥទ្ធិពលលើកម្ពុជាផងដែរ។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យមានភ្លៀង នៅតែបន្តធ្លាក់ជាប់ ជាបន្តបន្ទាប់ដោយចាប់ពីថ្ងៃ៥ដល់១១ តុលា ។

ជាក់ស្ដែងខេត្តពោធិ៍សាត់ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ មានកំពស់ទឹកបានកើនឡើង ក្នុងកំរិតមួយ ដែលត្រូវប្រកាសអាសន្នគឺ កម្រិតកំពស់ ៥,០០ម៉ែត្រ និងកម្រិតកំពស់នាបច្ចុប្បន្នគឺ ៥,០៣ម៉ែត្រ ។

ដើម្បីត្រៀមលក្ខណៈការពារ គ្រោះធម្មជាតិទឹកជំនន់ តាមដងស្ទឹងដែលអាចកើតមាន ក្នុងខេត្តពោធិ៍សាត់ មន្ទីរធនធានទឹកឲ្យអាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់លំដាប់ថ្នាក់ និង ប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធបង្កើន ការយកចិត្តទុកដាក់ប្រុង ប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋ ដែលងាយរងគ្រោះ៕






