ព័ត៌មានជាតិ

អភិបាលរាជធានី ឱ្យមន្ទីរសាធារណការ ជួសជុលផ្លូវ និងរៀបចំតុបតែង សោភណ្ឌភាព ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ លោក​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗ​ ក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួន ដែលរងការខូចខាត ពិសេសរៀបចំឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ ខេត្តកណ្ដាល ដោយឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចូលរួមសហការ ខណៈដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។

នេះជាការណែនាំ របស់លោកអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការ រៀបចំកិច្ចប្រជុំកំពូល អាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ជាមួយអាជ្ញាធរ ខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនេះលោក ឃួង ស្រេង បានលើកឡើងថា ក្រោយបញ្ចប់រដូវវស្សា យើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះ វាពិសេសថែមទៀត នោះគឺយើងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះ យើងត្រូវតែយកចិត្តទុកដាក់ខ្ពស់។

លោក ឃួង ស្រេង បន្ថែមថា ការងារមួយនេះ មិនមែនពឹងតែលើមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួម ពីអាជ្ញាធរខណ្ឌទាំង១៤ ទើបការងារនេះដំណើរការទៅដោយរលូន ដូចជាត្រូវត្រួតពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវ​ ដើម្បីរាយការណ៍ឲ្យមានការជួសជុលឡើងវិញ ។

លោក ឃួង ស្រេង បាបញ្ជាក់ថា ៖ យើងមានព្រឹត្តការណ៍ធំៗជាច្រើន ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ​ នៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណា ឲ្យភ្នំពេញ មានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង៤០ប្រទេស ដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជួសជុលកែលំអរឲ្យប្រសើរឡើង ក្នុងនោះសម្រាប់មហាវិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចំបង ដែលត្រូវអនុវត្តឲ្យបានប្រសើរឡើងផងដែរ៕

To Top