ព័ត៌មានជាតិ

ក្រសួង អំពាវនាវឱ្យបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងនឹងបន្តធ្លាក់ លើផ្ទៃប្រទេស

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុ ដែលបាននិងកំពុងវិវត្តជាក់ស្ដែង នឹងបន្តវិវត្តជាបន្តបន្ទាប់ បានបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ប្រសព្វ រវាងទ្រនុងសម្ពាធខ្ពស់ ពីចិន និងជ្រលងសម្ពាធទាប ដែលរុញច្រាន ពីភាគខាងក្រោម នៃសមុទ្រចិនខាងត្បូង។ ជាមួយគ្នានោះ នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ក៏នឹងអាចកើតមានសម្ពាធទាបសកម្ម (Azter Loa) មួយ ដើរចូលមកលើភាគអាគ្នេយ៍ នៃប្រទេសវៀតណាម ។

ក្រសួងបញ្ជាក់ថា «លក្ខណៈបែបនោះ នឹងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ ភ្លៀងនឹងនៅតែបន្តធ្លាក់លើផ្ទៃប្រទេស» ។

ក្រសួងឱ្យដឹងថា ក្នុងនោះបណ្ដាខេត្តនៃតំបន់ខ្ពង់រាបភាគ និងពាយ័ព្យជាប់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ។

សម្រាប់រាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតនៅភាគខាងក្រោម នឹងអាចមានភ្លៀងក្នុង កម្រិតពីមធ្យមទៅច្រើន លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

នៅលើផ្ទៃសមុទ្រ ក្នុងចន្លោះពីថ្ងៃទី ១៣ ដល់ថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០២២ នឹងអាចមានសភាពអាប់អួរ ដោយមានភ្លៀងលាយឡំនឹងខ្យល់បក់បោក និងកំសួលរលកសមុទ្របង្គួរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ៕

To Top