ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម ធ្វើពិធីក្រុងពាលី មុនការចាប់ផ្ដើម ប្រារព្ធពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច តាំងពិព័រណ៍ នៅថ្ងៃស្អែក

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២២ នេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានរៀបចំពិធីក្រុងពាលី នៅលើវេទិកាគណៈកម្មការ ប្រណាំងទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ក្នុងគោលបំណងសុំសេចក្តីសុខសប្បាយ តាមបែបប្រពៃណីសាសនា ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកកម្សាន្តសប្បាយ ក្នុងពេលប្រារព្ធពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច តាំងពិព័រណ៍ នៅថ្ងៃស្អែកនេះ ។ 

សូមបញ្ជាក់ថា ពិធីប្រណាំងទូក នាថ្ងៃស្អែកនេះ ត្រូវបាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រៀបចំយ៉ាងហ្មត់ចត់ ក្នុងការជម្រុញ និងលើទឹកចិត្តដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ឲ្យបង្កើនការខិតខំយកចិត្តទុកដាក់លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងចូលរួមសំអាតអនាម័យបរិស្ថាន និងការតុបតែងលម្អ ឱ្យមានសោភ័ណភាពស្រស់បំព្រង ក្នុងក្រុងកំពង់ចាម ដើម្បីធ្វើយ៉ាងណាបង្កើតបរិយាកាស ឱ្យមានភាពសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវអន្តរជាតិផងដែរ ។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម និងមានការរៀបចំពិធីប្រណាំងទូក «ង» និងទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច និងតាំងពិព័រណ៍សមិទ្ធផលរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ នៅក្នុងកំពង់ចាម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយ របស់បងប្អូនប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ដែលនិងប្រព្រឹត្តទៅ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ 

នៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំ ការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ និងការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ផងដែរ ៕

To Top