ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំក្រសួង រួមជាមួយក្រុមមន្រ្តី បច្ចេកទេស នៅព្រឹកថ្ងៃអាទិត្យ ទី ០៩ ខែតុលា ឆ្នាំ ២០២២ បានចុះពិនិត្យលទ្ធភាព ក្នុងការរំដោះទឹកពីស្ទឹងព្រែកត្នោត ដើម្បីបង្ហូរទម្លាក់ចូលទៅក្នុងទន្លេ តាមរយៈប្រឡាយ ៩៤ និង ៩៦ នៅក្នុងភូមិសាស្រ្តសង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ និងបន្តពិនិត្យស្ថានភាពទឹក តាមខ្នងទំនប់សណ្ត ស្ទឹងព្រែកត្នោត ដែលបច្ចុប្បន្ន នៅពុំទាន់មានអ្វីជាការព្រួយបារម្ភខ្លាំងក្លានៅឡើយទេ ។ ក្នុងដំណើរពិនិត្យស្ថានភាពទឹកនេះ លោករដ្ឋមន្ត្រីបានណែនាំបន្ថែម ដល់ប្រធានមុខព្រួញទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
*ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង ៧មករា នាថ្ងៃទី ០៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៦:០០ នាទីព្រឹក
-កម្ពស់ទឹកខាងមុខទ្វារ ៥,០៥ ម៉ែត្រ, កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,៣០ ម៉ែត្រ
-កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,២៥ ម៉ែត្រ
-កម្ពស់ទឹកខាងក្រោយទ្វារ ៧,២០ម៉ែត្រ, ជាកម្ពស់មួយដែលត្រូវធ្វើការត្រៀមលក្ខណៈ និងតាមដានខ្ពស់ ព្រោះស្ថានភាពទឹកនៅបន្តកើនឡើង៕