ព័ត៌មានជាតិ

រន្ធត់ណាស់! ឪពុកនិងកូន បានដាច់ខ្យល់ស្លាប់ ក្នុងអណ្តូង បូមទឹកស្រែប្រាំង នៅស្រុកពារាំង ខេត្តព្រៃវែង

ព្រៃវែង ៖ អាសូណាស់ បុរសពីរនាក់ ដែលត្រូវជាឪពុកនិងកូន បានដាច់ខ្យល់ស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងអណ្តូងបូមទឹក ស្រែប្រាំង នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ។

សមត្ថកិច្ចនគរបាល ស្រុកពារាំង បានឲ្យដឹងថា សពជនរងគ្រោះទាំងពីរនាក់ ជាឪពុកនិងកូន៖ ទី១-ឈ្មោះ ខ្លឹង ពៅ ភេទប្រុស អាយុ ៥២ ឆ្នាំ ត្រូវជាឪពុក និងទី២-ឈ្មោះ ពៅ ប៊ុនធឿន ប្រុសអាយុ ២៨ ឆ្នាំ ត្រូវជាកូន មានទីលំនៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ បុរសដែលជាឪពុកនិងកូននេះ បានចុះក្នុងអណ្តូងបូមទឹកធ្វើស្រែប្រាំង វាលទំនប់វង់ ស្ថិតនៅក្នុងភូមិអង្គាសដី ឃុំព្រៃព្នៅ ស្រុកពារាំង ។ ខណៈដែលជ្រុះកូនសោ ចូលក្នុងអណ្តូង រួចឪពុកកូនក៏ចុះទៅយកសោ ស្រាប់តែថប់ដង្ហើម រហូតដាច់ខ្យល់ស្លាប់ ក្នុងអណ្ដូងតែម្តង ដោយអណ្តូងនេះដែរ មានជម្រៅ១៤កង់លូ ហើយមួយលូមានប្រវែង ០.៥០ម៉ែត្រ ។

សូមបញ្ជាក់ថា ករណីថប់ដង្ហើមក្នុងអណ្ដូងទឹក បានកើតឡើង ជាបន្តបន្ទាប់រួចមកហើយ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ខណៈដែលចុះ ក្នុងអណ្ដូង ដែលមានជម្រៅជ្រៅ ព្រោះអាចបង្កឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតបន្សល់ទុក នៅក្តីសោកសង្រេងជាពន់ពេក ៕

To Top