ព័ត៌មានជាតិ

អាល្លឺម៉ង់ វាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត របស់កម្ពុជា ប្រឆាំងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន

ភ្នំពេញ៖ លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត របស់កម្ពុជា ប្រឆាំងការឈ្លានពាន របស់រុស្ស៊ី លើអ៊ុយក្រែន ជាពិសេសការចូលរួមដោយផ្ទាល់ របស់សម្ដេចតេជោ ចំពោះការជួយស្វែង រកដំណោះស្រាយ នៅមីយ៉ាន់ម៉ា ។

ក្នុងឱកាសចូលជួបសម្ដែង ការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១០ តុលានេះ លោក Stefan Anton Messerer បានសម្ដែង នូវការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ឲ្យមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស ហើយ អាល្លឺម៉ង់ មានសេចក្ដីរីករាយណាស់ ដែលបានចូលរួមដំណើរ និងបានចូលរួមជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះ ទៅទទួលបានជោគជ័យ របស់កម្ពុជា ។

ជាមួយគ្នានោះដែរ លោក Stefan បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតនេះ លោក និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណា ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេស នឹងប្រឹងប្រែងជំរុញឲ្យមានការវិនិយោគ កាន់តែខ្លាំង ឡើងមកកាន់កម្ពុជា ។

លោក Stefan បានគោរពវាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្ត របស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន។ លោកក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ផងដែរ ចំពោះការចូលរួម ដោយផ្ទាល់របស់សម្ដេចតេជោ ចំពោះការជួយស្វែង រកដំណោះស្រាយ នៅប្រទេសមីយ៉ាន់ម៉ា ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានជួយដល់កម្ពុជា ហើយសម្ដេច បានមានប្រសាសន៍ថា រាល់ការជោគជ័យរបស់កម្ពុជា ការអភិវឌ្ឍរបស់កម្ពុជា មិនអាចកាត់ផ្ដាច់ជំនួយ របស់ប្រទេសអាល្លឺម៉ង់ទេ ជាពិសេស ថ្មីៗនេះ ជំនួយរបស់អាល្លឺម៉ង់ បានជួយកម្ពុជាយើង ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ចំពោះសង្គ្រាមនៅអ៊ុយក្រែន សម្ដេចតេជោ បានមានប្រសាសន៍ថា ការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេស អ៊ុយក្រែន គឺជារឿងមួយ តែករណីដាក់ទណ្ឌកម្មហួសហេតុពេក ធ្វើឱ្យមានការប៉ះពាល់មិនត្រឹមតែរុស្ស៊ី អឺរ៉ុបទេ គឺថែមទាំងប៉ះពាល់ដល់ ពិភពលោកទាំងមូលផង ក្នុងនោះ ក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះករណីនេះ គប្បីណាមានការពិនិត្យមើលឡើងវិញ ។

ចំពោះករណីប្រទេស មីយ៉ាន់ម៉ាវិញ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាល់ការប្រឹងប្រែងទាំងអស់ គឺដើម្បីសេចក្ដីសុខសន្តិភាព សម្រាប់ប្រជាជនមីយ៉ាន់ម៉ាផង សម្រាប់តំបន់ផងនិងពិភពលោកផង។

ដំណើរទស្សនកិច្ច របស់សម្ដេចតេជោផ្ទាល់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នោះ គឺទី១-ដើម្បីជំរុញឱ្យមានការ ឈប់បាញ់គ្នា, ទី២-ចង់ឱ្យមានការជួយ ផ្ដល់ជំនួយមនុស្សធម៌ ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងតែត្រូវការ និងទី៣-ជំរុញឱ្យមានកិច្ចពិភាក្សាគ្នា ផ្នែកនយោបាយ តែពុំទទួលបានជោគជ័យ។ ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ បានមានប្រសាសន៍ថា យើងត្រូវតែមានការអត់ធ្មត់ នឹងប្រឹងប្រែងបន្តទៀត ៕

To Top