ព័ត៌មានជាតិ

នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ប.ស.ស. បើកកិច្ចប្រជុំត្រួតពិនិត្យ លើការងារសម្រេចបាន បញ្ហាប្រឈម និងការលើកទិសដៅបន្ត 

ភ្នំពេញ៖ លោក ម៉េង ហុង អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យទៅលើលទ្ធផលការងារសម្រេចបានប្រចាំខែ ក៏ដូចជាបញ្ហាប្រឈមនានា និងទិសដៅការងារបន្ត របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដើម្បីពិនិត្យ និងពង្រឹងបន្ថែមក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា ទៅកាន់សមាជិក ប.ស.ស. ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ និងទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ក៏ដូចជាការងារកិច្ចសហការជាមួយគ្រប់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀង ជាមួយ ប.ស.ស.។ 

លោកអគ្គនាយករង ប.ស.ស. បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង បំពេញការងារពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិក របស់នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល ដែលកន្លងមកបានពុះពាររាល់ការលំបាក ក្នុងការបំពេញការងារបម្រើស្ថាប័ន ក៏ដូចជាសមាជិក ប.ស.ស. រហូតសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។

លោកអគ្គនាយករង ប.ស.ស. បានបន្តជំរុញលើកទឹកចិត្ត ក្នុងនាមជាអ្នកបម្រើសេវាជូនសមាជិករបស់ខ្លួន ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ល្អ និងខិតខំបន្ថែមទៀតទៅលើការងារ ដែលសម្រេចបាន ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាព ទទួលបានលទ្ធផលខ្ពស់។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នា

សាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្តាលរាជធានីភ្នំពេញ ដោយមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកនៃ នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល សរុបប្រមាណជា ៦០នាក់៕

To Top