ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន រិះគន់បុគ្គលិកទទួលភ្ញៀវ នៅសណ្ឋាគារមួយ ក្នុងខេត្តកំពង់ចាម លែងចេះជំរាបសួរ គួរសម

ភ្នំពេញ៖ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបង្ហោះសាររិះគន់ ចំពោះបុគ្គលិកជានារីៗ កន្លែងទទួលភ្ញៀវ នៅសណ្ឋាគារមួយ ក្នុងខេត្តកំពង់ចាម លែងចេះជំរាបសួរ ដែលជាការគោរពគួរសម របស់កូនខ្មែរ។

ទោះបីជាយ៉ាងណា លោករដ្ឋមន្រ្តី មិនបានបញ្ជាក់ឈ្មោះសណ្ឋាគារ មួយនោះ នោះទេ ហើយការរិះគន់ របស់លោករដ្ឋមន្រ្តីបែបនេះ ក្នុងន័យចង់ឱ្យកូនខ្មែរ ត្រូវចេះប្រតិបត្តិ នូវអ្វីដែលជា សីលធម៍ សុជីវធម៌ និងវប្បធម៍ របស់ខ្លួន។

នៅលើគណនីហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលប្លែកនៅលើកនេះ ពេលមកកំពង់ចាម គឺនារីៗនៅកន្លែងទទួលភ្ញៀវ ក្នុងសណ្ឋាគារ លែងចេះជំរាបសួរ ! មិនមែនចង់អោយគេគោរពទេ តែចង់ឃើញការគួរសម របស់កូនខ្មែរយើង» !។

សូមរំលឹកថា រដ្ឋបាលខេត្តកំពង់ចាម បាននឹងកំពុងរៀបចំពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីត និងសំពះព្រះខែ ដែលប្រព្រឹត្តទៅ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ៕

To Top