ព័ត៌មានជាតិ

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃ១២-១៨ តុលា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១២ ដល់ទី១៨ ខែតុលា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៃកម្ពុជា នឹងអាចមានភ្លៀងធ្លាក់លាយឡំ​ ទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក បានឲ្យដឹងថា ចាប់ពីថ្ងៃទី១២-១៨ តុលា កម្ពុជាបន្តទទួលឥទ្ធិពល នូវទ្រនុងសម្ពាធខ្ពស់ពីចិន លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយ ពីប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្តមេគង្គ។

លក្ខណៈបែបនេះ នឹងធ្វើតំបន់វាលទំនាបកណ្តាល ជាពិសេសបណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងនៅក្នុងកម្រិតតិច។

ដោយឡែក រាជធានីភ្នំពេញ និងបណ្តាខេត្តភាគខាងក្រោម អាចមានភ្លៀងក្នុងកម្រិត ពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

ចំណែក តំបន់ខ្ពង់រាប អាចមានភ្លៀងនៅក្នុងកម្រិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។

សម្រាប់តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕

To Top