ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ ក្រសួងអប់រំបញ្ជ្រាបចំណេះដឹង ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង

ភ្នំពេញ៖ ក្រសួអប់រំយុវជន និងកីឡាបានបញ្ជ្រាបការយល់ដឹង ពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹង ដល់យុវជន ដើម្បីឱ្យពួកគេចៀសឆ្ងាយ ពីគ្រឿងស្រវឹងគ្រប់ប្រភេទ ។

នេះបើតាមការបញ្ជាក់ពី លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅពេលដែលលោកស្រី អញ្ជើញជាគណៈអធិបតី និងជាមេប្រយោគផ្តល់ពិន្ទុ ដល់បក្ខជនបក្ខនារី នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធីប្រកួតនិយាយជាសាធារណៈ ស្ដីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាពក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡា ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រីបណ្ឌិត សឿ សុជាតាមានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួងអប់រំបានរៀបចំ ឱ្យមានគោលនយោបាយសុខភាពសិក្សា ដោយចាត់ទុកបញ្ហាសុខភាព របស់សិស្សជាអាទិភាពទី១។

សំឡេង៖ «កម្មវិធីសិក្សាដែលនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំបានយកទៅអនុវត្តន៍ ចាប់ពីពេលនេះតទៅ ដោយបានបង្ហាញថា ដើម្បីទទួលបានសុខភាពល្អ ព្រោះថា សុខភាពគឺជាកក្តាទី១ សុខភាពគឺជាជីវិត។ ដើម្បីចង់បង្ហាញថា គ្រឿងស្រវឹងមានផលប៉ះពាល់ ដល់សុខភាពបែបណានោះ ? ទើបក្រសួងអប់រំយុវជន និងកីឡាបានសហការ ជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា រៀបចំកម្មវិធីប្រកួតនិយាយជាសាធារណៈ ស្ដីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់ទម្រង់ គ្រប់រូបភាព ក្នុងព្រឹត្តិការណ៍កីឡា និងទីកន្លែងប្រកួតកីឡានេះឡើង»។

ក្រុមសិស្សនិស្សិតបានគាំទ្រ​ ចំពោះក្រសួងអប់រំ ព្រោះសកម្មភាពរបស់ឧស្សាហកម្មគ្រឿងស្រវឹង កំពុងបានជះឥទ្ធិពលអាក្រក់ជាច្រើន គឺកុមារនិងយុវជន បង្កើតឱ្យមានអំពើហិង្សា នៅក្នុងគ្រួសារ សហគមន៍ខាតបង់ថវិកា និងប៉ះពាល់សុខភាពជាដើម។

បើយោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា មានមនុស្សនៅលើពិភពលោក ប្រមាណ៣លាននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ហើយបានបន្សល់នូវជំងឺ ប្រមាណ២០០ប្រភេទ ដល់អ្នកប្រើប្រាស់គ្រឿងស្រវឹង ដូចជា៖ ជំងឺមហារីកថ្លើម មហារីកបំពង់អាហារ និងជំងឺក្រិនថ្លើមជាដើម។

ក្រុមនិស្សិតបានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ អ្នកពាក់ព័ន្ធទាំងអស់គូរតែរឹតបន្តឹងការធ្វើទីផ្សារ និងបញ្ឈប់ការផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់រូបភាព។ ដោយត្រូវតម្លើងពន្ធលើផលិតផល គ្រឿងស្រវឹងឱ្យខ្ពស់ ដើម្បីបង្កើនចំណូលចូលថវិកាជាតិ និងកាត់បន្ថយអ្នកប្រើប្រាស់ បានមួយកម្រិតផងដែរ៕ ( អត្ថបទ៖ ដោយវិទ្យុមិត្តភាពកម្ពុជាចិន )

To Top