ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី គន់ គីម ចែកស្រូវពូជ ដល់ប្រជាពលរដ្ឋជាង១៤០០ គ្រួសារ ស្រុកស្ទឹងត្រង់

កំពង់ចាម ៖ នារសៀលថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២ នេះ  លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មការ គ្រប់គ្រងគ្រោះអន្តរាយ អមដំណើរដោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត ធ្វើការចែកស្រូវពូជ ជូនប្រជាពលរដ្ឋជាង ១៤០០ គ្រួសារ មកពី ៦ ឃុំ ក្នុងស្រុកស្ទឹងត្រង់ ដើម្បីដាំស្ដារឡើងវិញ ក្រោយពីរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គ ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះថា ការចែកជូនពូជស្រូវ ជាបន្ទាន់ដល់ប្រជាពលរដ្ឋ ក្នុងឱកាសនេះ គឺថ្នាក់ដឹកនាំមានបំណង ចង់ឱ្យប្រជាពលរដ្ឋ ឆាប់បានដាំស្រូវស្ដារឡើងវិញ បន្ទាប់ពីរងគ្រោះ ខូចអស់ដំណាំស្រូវជាច្រើនហិកតា នៃប្រជាពលរដ្ឋក្នុងឃុំទាំង៦ ក្នុងស្រុកស្ទឹងត្រង់ ដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គកន្លងទៅថ្មីៗនេះ ។

លោកអភិបាលខេត្ត បានយកឱកាសនោះថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានចាត់តាំង លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ រួមទាំងក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ និងនេសាទ ដែលបាន នាំស្រូវពូជយកមក ដើម្បីដោះស្រាយទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមបានទាន់ពេលវេលា ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានថ្លែងកោតសរសើរដល់មេឃុំទាំង៦ រួមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម ដែលបានចុះពិនិត្យអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានរៀបចំឯកសារ បានយ៉ាងឆាប់រហ័ស ដើម្បីស្វះស្វែងរកស្រូវពូជ យកមកផ្ដល់ជូនប្រជាពលរដ្ឋ ដើម្បីបានដាំស្រូវ ស្ដារឡើងវិញ ឲ្យទាន់ពេលទឹកស្រកទៅវិញ ។

លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នៅស្រុកស្ទឹងត្រង់ គឺជាតំបន់ដែលទឹកឡើងលិចមុនគេ ហើយស្រកមុនគេផងដែរ  ដូច្នេះតំបន់នេះគឺជាតំបន់អតិភាព ដែលប្រជាពលរដ្ឋរងគ្រោះទទួលបានស្រូវពូជមុនគេ ដើម្បីធ្វើការដាំដុះស្ដារឡើងវិញ បានទាន់ពេលវេលា ៕

To Top