ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់វៀតណាមថា ការងារជាអាទិភាព គឺជំរុញប្រតិបត្តិការ រវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អជាទីបំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ វ៉ូ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ថាការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អជាទីបំផុត ។

ការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក វ៉ូ វ៉ាន់ធឿង (Vo Vanthoung) នាថ្ងៃទី១៨ តុលានេះ នៅវិមាន៧មករា ។

ក្នុងជំនួបនោះលោក វ៉ូ វ៉ាន់ធឿង បានគោរពជម្រាបជូនសម្ដេចតេជោថា លោកនិងប្រតិភូមកកាន់កម្ពុជា នៅពេលនេះ គឺស្របពេលជាមួយនឹងខួប ៥៥ឆ្នាំនៃទំនាក់ទំនងកាទូតរវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ប៉ុលពតផង ។

លោកបន្តថា ទិសដៅសំខាន់របស់លោក និងប្រតិភូទាំងមូល ធ្វើយ៉ាងណាជំរុញពង្រីកពង្រឹង ទំនាក់ទំនងរវាងបក្ស និងរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង ក្នុងន័យនេះលោកក៏បានគោរពសូមគោលការណ៍ពីសម្ដេចតេជោ ៦ចំណុចផងដែរ ។

ចំណុចសំខាន់ៗទាំងនោះរួមមាន៖ ទី១.ជំរុញទំនាក់ទំនងរវាងបក្សនិងបក្សឲ្យកាន់តែស៊ីជម្រៅនិងមានភាពជាក់ស្ដែង, ទី២.ជំរុញការផ្លាស់ប្ដូរទស្សនកិច្ច រវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ, ទី៣.ជំរុញទំនាក់ទំនង រវាងខេត្តនិងរាជធានីរបស់ប្រទេសទាំងពីរ, ទី៤.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ, ទី៥.ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគនិង ពាណិជ្ជកម្ម និងទី៦.ជំរុញកិច្ចសហប្រតិបត្តិការលើក្របខណ្ឌតំបន់និងពិភពលោក ។

ជាការឆ្លើយតប សម្ដេចតេជោ ក៏បានគាំទ្រចំពោះសំណើទាំង ៦ចំណុច របស់លោក វ៉ូ វ៉ាន់ធឿង។ សម្ដេចតេជោមានប្រសាសន៍ថា «ការងារជាអាទិភាព គឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តនិងខេត្ត តាមព្រំដែនឲ្យបានល្អ ជាទីបំផុត ជាពិសេស បញ្ហាសន្តិសុខ សម្រួលដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ដូចជា៖ ការជួញដូរ រត់ពន្ធគ្រឿងញៀន រត់ពន្ធមនុស្សជាដើម»៕

To Top