ព័ត៌មានជាតិ

តុលាការកំពូល តម្កល់ទោសទណ្ឌិតចិនម្នាក់ ជាប់គុក៧ ឆ្នាំ  ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ រូបិយវត្ថុ និង រូបិយប័ណ្ណ បរទេស ក្លែងក្លាយ ជាង ៦០ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ:  តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ទណ្ឌិត ជនជាតិចិនម្នាក់ ជាប់ពន្ធនាគារកំណត់ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការធ្វើចរាចរណ៍ រូបិយវត្ថុ និង រូបិយប័ណ្ណបរទេសក្លែងក្លាយ  ប្រព្រឹត្ត នៅចំណុចកាស៊ីណូណាហ្គាវើល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក និល នុណ  ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងអោយដឹងថា ពិរុទ្ធជនរូបនេះ មានឈ្មោះ  DONG MAN ភេទ ប្រុស អាយុ៣០ ឆ្នំា ជាជនជាតិចិន។

ទណ្ឌិត ឈ្មោះ DONG MAN ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ  ក្រោមការចោទប្រកាន់ពីបទ « ដាក់ឲ្យចរាចរណ៍ រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ»  តាមមាត្រា ៦៤៧ នៃក្រមព្រហ្មទណ្ឌ ។

គាត់បានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ គាត់បានបន្តបឹ្តងសារទុក្ខ មកកាន់តុលាការកំពូលទៀត ។

ទណ្ឌិតជនជាតិចិនរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០១៩ នៅនៅក្នងសណ្ឋាគារ NAGA WORLD II នៅរាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាល ដកហូតបានលុយដុល្លារអាមេរិកក្លែងក្លាយ (លុយខ្មោច) ចំនួន ៦០ម៉ឺនដុល្លារអាមេរិកពីគាត់។

ដោយៈ លីហ្សា

To Top