ព័ត៌មានជាតិ

បទអត្ថាធិប្បាយ៖ សមាជបក្សកុម្មុយនីស្តចិន លើកទី២០ នឹងពាំនាំសមិទ្ធផលថ្មី សម្រាប់សកលលោក

មន្ត្រីរាជការ និងយុវជនកម្ពុជាបានជូនពរ​ ដល់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ហើយជឿជាក់ថា សមាជនេះនឹងនាំមកនូវសមិទ្ធផលផ្លែផ្កា កាន់តែច្រើន សម្រាប់ប្រជាជនចិន ក៏ដូចជា ពិភពលោកទាំងមូល។

លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងពាំនាំសមិទ្ធផលថ្មី សម្រាប់សកលលោកទាំងមូល ដោយសារតែចិននឹងអាចជួយជ្រោមវិបត្តិសកលនានា ដែលកើតឡើង កែប្រែវិបត្តិទៅកាលនុវត្តភាព ជំរុញឲ្យសេដ្ឋកិច្ចសកលមានស្ថិរភាព និងការចូលរួមធ្វើឲ្យប្រជាជនលើពិភពលោក កាត់បន្ថយភាពក្រីក្រ កាន់តែច្រើន ជាពិសេស ការអនុវត្តគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ ដែលនឹងជ្រោមជ្រែងកាន់តែខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋនៅលើសកលលោក។

«ខ្ញុំសូមជូនពរឲ្យប្រជាជនចិន កាន់តែរីកចម្រើន កាន់តែឆ្ពោះឈានទៅមុខ ផ្តល់វឌ្ឍនភាពសម្រាប់ប្រជាជនចិន ក៏ដូចជា ប្រជាជនកម្ពុជា ដែលជាមិត្ត ភូមិផង ជាមួយប្រទេសចិន ហើយខ្ញុំក៏សូមជូនពរឲ្យមិត្តភាពកម្ពុជា-ចិន កាន់តែរឹងមាំ កាន់តែស៊ីជម្រៅ កាន់តែដល់កម្រិតកំពូល ដែលរដ្ឋាភិបាលប្រទេសកម្ពុជា-ចិន បាននិងកំពុងជំរុញ ឆ្ពោះទៅមុខឥតឈប់ឈរ»។

លោកបានមានប្រសាសន៍ទៀតថា លោកពិតជាមានសេចក្តីសោមនស្ស និងថ្លែងអំណរគុណយ៉ាងខ្លាំង ដល់រដ្ឋាភិបាលចិន ដែលបានជួយមកដល់ប្រទេសកម្ពុជា ស្ទើគ្រប់វិស័យ ជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់យុវជនជំនាន់ក្រោយ ឲ្យមានបំណិននៅគ្រប់វិស័យទាំងអស់ ដើម្បីយកធ្វើជាទុន អភិវឌ្ឍន៍ប្រទេសជាតិ។ ថ្មីៗនេះ រដ្ឋាភិបាលចិនបានអនុញ្ញាត ឲ្យនិស្សិតកម្ពុជាអាចទៅបន្តការសិក្សា នៅប្រទេសចិនឡើងវិញ ក្រោយពេលធូរស្រាលជំងឺកូវីដ១៩។ លោកក៏បានបង្ហាញ ពីចំណាប់អារម្មណ៍ ពីសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេស គឺផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាតឹកតាងយ៉ាងសំខាន់ បញ្ជាក់ពីកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ រវាងចិននិងកម្ពុជា។

មន្ត្រីក្រសួងវប្បធម៌រូបនេះក៏បានលើកឡើង ពីការជួយយ៉ាងច្រើនពីភាគីចិន លើវិស័យវប្បធម៌របស់កម្ពុជាថា៖ «ជួយបានច្រើនមែនទែន កន្លងមក ទាំងការជួយជួសជុលប្រាសាទ ទាំងការផ្តល់អាហារូបករណ៍ ទាំងការផ្លាស់ប្តូរវប្បធម៌ វិស័យភាពយន្ត វិស័យការពារនិងអភិរក្ស លើកស្ទួយសម្បត្តិបេតិភណ្ឌអរូបិយ និងរូបិយ ហើយ កន្លងមក ក៏មានកិច្ចសហប្រតិបត្តិការ នៃការបញ្ជូនសិល្បករកម្ពុជា ទៅសម្តែងនៅប្រទេសចិន ហើយភាគីចិនក៏បញ្ជូនសិល្បកររបស់ខ្លួន មកសម្តែងនៅប្រទេសចិនកម្ពុជា ជាពិសេស ការសម្តែងរួមគ្នា ក្នុងឱកាសនៃពិធីបុណ្យជាតិផ្សេងៗ ដែលប្រទេសទាំងពីរបានសហការរៀបចំជាមួយគ្នា រួមមានទាំង ការរៀបចំកម្មវិធីអបអរសាទរ ខួបទំនាក់ទំនងកាទូត រវាងកម្ពុជានិងចិនផងដែរ ក៏បានរៀបចំឡើងច្រើន កិច្ចសហការនេះគឺជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដូចដែលយើងបានដឹងហើយថា សសរស្តម្ភមួយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ គឺជាការពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ដែលសំដៅលើការស្គាល់វប្បធម៌ រវាងប្រទេសនិងប្រទេស ធ្វើយ៉ាងណា ឲ្យប្រជាជនចិនស្គាល់ពីវប្បធម៌របស់កម្ពុជា ហើយកម្ពុជា ស្គាល់ពីវប្បធម៌ប្រជាជនចិន ទើបធ្វើឲ្យប្រជាជនទាំងពីរអាចយល់ពីគ្នា និងមានទំនាក់ទំនងជាមួយគ្នា កាន់តែស៊ីជម្រៅ»។

ជាមួយគ្នានេះដែរ កញ្ញា សាត ភារ៉ា និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក៏បានបង្ហាញពីចំណាប់អារម្មណ៍ច្រើន ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ជាពិសេស ជំនួយរបស់ចិនដល់កម្ពុជា លើវិស័យអប់រំ និងវិស័យហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន។
ក្នុងនាមជាយុវជនកម្ពុជាមួយរូប កញ្ញាពិតជាថ្លែងអំណរគុណ ដល់រដ្ឋាភិបាលនិងប្រជាជនចិន ហើយក្នុងឱកាសសមាជបក្សកុម្មុយនីស្តចិន លើកទី២០ ដែលបាននិងកំពុងប្រព្រឹត្តទៅ នៅទីក្រុងប៉េកាំង កញ្ញាបានជូនពរផងដែរថា៖

« នាងខ្ញុំសូមជូនពរឲ្យរដ្ឋាភិបាលចិន ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ២២ តុលា ឆ្នាំ២០២២ សូមឲ្យទទួលបានជោគជ័យ នៅក្នុងបែបផែនចិន សូមឲ្យទទួលបានជោគជ័យ និង សម្រេចតាមអ្វីដែលរដ្ឋាភិបាលចិនបានគ្រោងទុក»៕ (ដោយ៖ វិទ្យមិត្តភាពកម្ពុជា-ចិន)

To Top