ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​ ណែនាំពលរដ្ឋ​ ការពារការចម្លងជំងឺវីដ១៩​ អំឡុងពិធីបុណ្យអុំទូក

ភ្នំពេញ​ ៖​ ក្រសួងសុខាភិបាល​ បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ​ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩​ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។

យោងតាមសេចក្ដីណែនាំរបស់​ ក្រសួងសុខាភិបាល​ នាថ្ងៃទី១៨​ តុលា​ នេះ​បាន​ឱ្យ​ដឹង​ថា​ អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២២នេះ កម្ពុជាសម្រេចផ្អាកការប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក នៅថ្នាក់ជាតិក៏ដោយ ប៉ុន្តែពិធីទាំងនេះធ្វើទៅបាននៅតាមបណ្តារាជធានី-ខេត្ត​ ទូទាំងប្រទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីជាការសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋនៅ មូលដ្ឋាន បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជា ផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ។

ក្រសួង​ បញ្ជាក់ថា​ “ក្នុងន័យ នេះ ដើម្បីបន្តនិរន្តរភាពដំណើរការ ប្រទេសឡើងវិញ ក្នុងគន្លងប្រក្រតីភាពថ្មី សម្រាប់ការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង ដើម្បីរក្សាបាននូវការរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី របស់បងប្អូនប្រជាពលរដ្ឋ ការបន្តអនុវត្តនូវវិធានការការពារទប់ ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ របស់បុគ្គល គ្រួសារ និងសហគមន៍ ត្រូវតែបន្តធ្វើជាចាំបាច់ ដើម្បីរួមចំណែកទប់ស្កាត់នូវការ ផ្ទុះការចម្លងនៃវីរុសកូវីដ-១៩ ក្នុងទ្រង់ទ្រាយធំនៅក្នុងសហគមន៍យើងសារជាថ្មីឡើងវិញ ពីព្រោះ វីរុសកូវីដ-១៩ នៅមិនទាន់ ទៅណាឆ្ងាយពីយើងនៅឡើយទេ”។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួង​ បន្ដថា​ ជាក់ស្ដែង នៅតាមបណ្តាប្រទេសមួយចំនួន ជាពិសេសបណ្តាប្រទេសនៅក្នុងតំបន់ និង នៅជិតខាងកម្ពុជា មានការរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី និងករណីស្លាប់ជារៀងរាល់ថ្ងៃ។ យោងតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (WHO) ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើសកលលោកបានបង្ហាញថា មាន ករណីជំងឺកូវីដ-១៩ ចំនួនជាង ៦២០លាននាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៦,៥៤៣,១៣៨នាក់ គិតត្រឹមថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា​ “សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណជន ក្រសួងពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោមជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍យើង ដោយទាំងអស់គ្នា ត្រូវតែបន្តអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានធ្វើជារឿយៗ ហើយនៅក្នុងឱកាសនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋនៅតាមភូមិ-ឃុំ រាជធានី-ខេត្ត មានរៀបចំពិធីអបអរសាទរព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក ដែលនឹងត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះទៅតាមទំនៀម ទំលាប់”។
ក្រសួងសុខាភិបាលសូមណែនាំឱ្យលោកអ្នកបន្តអនុវត្ត ដោយការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នា នូវវិធានការ ៣ការពារ និង៣កុំ៕

To Top