នយោបាយ

សម្ដេចតេជោ នឹងចុះតាមបណ្ដាខេត្ត រៀបចំកម្ចាត់ចោលក្រុមជ្រុលនិយមជនក្បត់ជាតិ ៣ជំនាន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជាបានប្រកាសថា នឹងអញ្ជើញចុះទៅតាមបណ្ដាខេត្តនានា ដើម្បីរៀបចំកម្ចាត់ចោល នូវនយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់។ 

នាឱកាសចុះតាមបណ្ដាខេត្តនេះដែរ សម្ដេច ក៏នឹងចែក ស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ផងដែរ។

សារដែលសម្តេចនាយករដ្ឋមន្រ្តី ប្រកាសកម្ចាត់ចោល នូវនយោបាយជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់នោះ ទោះសម្តេចមិនបញ្ចេញចំឈ្មោះក៏ដោយ ក៏សំដៅទៅលើក្រុមលោក សម រង្ស៊ី ខណៈលោក សម រង្ស៊ីបានផ្ញើសារពីក្រៅប្រទេសមកកាលពីថ្ងៃ១៦ តុលាមកថា “ជូនចំពោះប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធ ត្រូវតែមានការផ្លាស់ប្តូរ នៅកម្ពុជា ក្នុងឆ្នាំ២០២៣”ដែលជាឆ្នាំបោះឆ្នោត។ 

បន្ទាប់ពីលោក សម រង្ស៊ីអំពាវនាវបែបនេះមកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃ១៧ តុលា ក៏បានហៅលោក សម រង្ស៊ីថា ជាពូជតត្រកូល៣ជំនាន់ដែលក្បត់ជាតិ។

ក្រោយការហៅរបស់សម្តេចរួច មានក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា បានចេញញត្តិគាំទ្រប្រសាសន៍សម្តេច ក៏ដូចជាថ្កោលទោសលោក សម រង្ស៊ី ជាហូរហែរ។

សម្រាប់ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅតាមបណ្ដានានានោះ រួមមាន៖ ខេត្តសៀមរាប ,បន្ទាយមានជ័យ ,បាត់ដំបង និងពោធិ៍សាត់ ដោយប្រើរយៈពេល៥ថ្ងៃ ៤យប់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចមិនអាចនៅស្ងៀមបានឡើយ ត្រូវចុះជួប និងជួយដោះស្រាយប្រជាពលរដ្ឋនៅជុំវិញទន្លេសាប ក្រោយពួកគាត់ជួបគ្រោះទឹកជំនន់ ហើយបេសកម្មនេះធ្វើឡើងជិត១អាទិត្យផងដែរ។

សម្ដេចតេជោគូសបញ្ជាក់ថា «ប៉ុន្ដែ ខ្ញុំក៏ឆ្លៀតជួបមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះដែរ ក្នុងណុងក៏មានការរៀបចំ ដើម្បីនឹងកម្ចាត់ចោល នៃមនោគមន៍ជ្រុលនិយម របស់ជនក្បត់ជាតិ៣ជំនាន់ នេះផងដែរ»។

នាឱកាសជួបមន្ដ្រីរាជការនេះដែរ សម្ដេចតេជោ នឹងណែនាំអំពីរបៀបធ្វើការងារ ដើម្បីដោះស្រាយបញ្ហានានាក្នុងខេត្តនីមួយៗ។ សម្ដេចថា ដូច្នេះ មិនអាចនិយាយបានថា «នេះជាការឃោនាបោះឆ្នោត មុនការកំណត់នោះទេ»។

សម្ដេចតេជោបន្ថែមថា តើឲ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចុះហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់ ៤ខេត្ត។ សម្តេចបានបញ្ជាក់ថា កុំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាច ហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់ ៤ខេត្ត សូម្បីតែសម្ដេច កំពុងកាន់តំណែង ក៏មិនមានសិទ្ធិក្នុងការកាត់ដី ឲ្យជនបរទេសសូម្បី ១លីម៉ែត្រ ព្រោះមានទោស។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា គណបក្សនយោបាយណាមួយ ហ៊ានផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ នឹងប្តឹងទៅតុលាការភ្លាមៗ ដើម្បីរំលាយគណបក្សចោលផងដែរ។ សម្ដេច បានប្រកាសទៀតថា សម្តេចមិនលើក លែងទោសដល់ជនក្បត់ជាតិ សម រង្ស៊ី ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគម ជ្រុលនិយមចោលទៀតផងដែរ៕

To Top