ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ឲ្យពលរដ្ឋរងគ្រោះ ពីអំពើលួច​ -ប្លន់ រួសរាន់យកឯកសារ ដើម្បីទទួលបានទ្រព្យសម្បត្តិវិញ ក្នុងរយៈពេល១៤ថ្ងៃ

ភ្នំពេញ៖ ដោយសារតែទោចក្រក្រយានយន្ត និងរថយន្តដែលមានការសង្ស័យពាក់ព័ន្ធបទល្មើស​មួយចំនួន ត្រូវបានគណៈបញ្ជាការឯកភាព ដកហូតពីកន្លែងបញ្ចាំនាពេលកន្លងមក នៅមិនទាន់មានប្រជាពលរដ្ឋ ទំនាក់ទំនងមកយកវិញនោះ រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឲ្យពលរដ្ឋរងគ្រោះ ដោយសារអំពើលួច ឬប្លន់​រួសរាន់យកឯកសារពាក់ព័ន្ធ មកបង្ហាញជូនអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបារាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០នេះតទៅ ។

យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយថ្ងៃទី២០ ខែតុលានេះ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាន នានា ប្រជាពលរដ្ឋមួយចំនួនជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ បានយកឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើសជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ​​​ ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ដើម្បីរកឲ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តជាផលអំពីអំពើល្មើស ហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួន ។

តាមសេចក្តីជូនដំណឹងបញ្ជាក់ថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្តមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើសនោះ នៅមិនទាន់មានប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ​ ។

អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ ជាជនរងគ្រោះដោយសារអំពើលួច ឬប្លន់ ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់យានយន្ត​ (កាតគ្រី) ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ​៕

To Top