នយោបាយ

សម្ដេចតេជោ ជំរុញ ឱ្យទីម័រ មកវិនិយោគលើវិស័យ កែច្នៃស្រូវអង្ករ នៅកម្ពុជា (Video)

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈ លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានជំរុញឱ្យវិនិយោគិនទីម័រ មកវិនិយោគលើវិស័យកែច្នៃ ស្រូវអង្ករនៅកម្ពុជា

ការជំរុញនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីទីម័រខាងកើត នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់ អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា លោកប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ជាពិសេស ទៅលើវិស័យអភិវឌ្ឍ កសាងជាតិ ស្ថិរភាពសង្គម និងគាំទ្រសមាជិកភាព របស់ទីម័រខាងកើត នៅក្នុងសហគមន៍អាស៊ាន ហើយថ្មីៗនេះទៀត ក៏បានឧបត្ថម្ភដល់ទីម័រ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគ្រឿងបរិក្ខាផ្សេងទៀតផងដែរ ។

លោកប្រធានាធិបតី បានជម្រាបជូនសម្តេចតេជោថា លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាច្រើនដងហើយ ដោយលោកបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ក៏មានការរីកចម្រើនផងដែរ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា «ក្នុងន័យនេះឯកឧត្តម​ក៏បានបញ្ជាក់ជូន សម្តេចតេជោនូវបំណង ចង់ពង្រីកពង្រឹង ចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែខ្លាំងឡើង តាមរយៈឱ្យមានការហោះហើរ ត្រង់រវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរផងដែរ»។

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជូន លោកប្រធានាធិបតី ដែលបានជាប់ឆ្នោតភ្លូកទឹកភ្លូកដី ហើយកាន់តំណែងប្រធានាធិបតី ជាលើកទី២ ។ សម្តេចក៏បានសម្តែងនូវអំណរគុណចំពោះ លោកប្រធានាធិបតី ដែលបានធ្វើការវាយតម្លៃ លើទំនាក់ទំនងប្រទេសទាំងពីរ ខណៈឆ្នាំនេះជាខួបទី២០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកន្លងមកទំនាក់ទំនងនេះមានការកើនឡើងជាលំដាប់។

សម្តេចតេជោ បានសម្តែងស្វាគមន៍ចំពោះការហោះហើរត្រង់ រវាងទីម័រខាងកើត និងព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានចាត់ទុកថា ការហោះហើរត្រង់នេះ នឹងចូលរួមចំណែកពង្រីក ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា “សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីណាមានអ្នកវិនិយោគទីម័រខាងកើត មកវិនិយោគនៅកម្ពុជាយើង លើម៉ាស៊ីនកិនស្រូវ លើម៉ាស៊ីនសម្ងួត ក៏ដូចជាទិញស្រូវអង្ករពីកម្ពុជា យើងដើម្បីធ្វើការទិញកិន ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្តង”។

សម្តេចបានបញ្ជាក់ប្រាប់ លោកប្រធានាធិបតីថា កម្ពុជាបានអនុញ្ញាត ឱ្យបរទេសវិនិយោគ១០០ភាគរយ ហើយនេះជាកត្តាសំខាន់ សម្រាប់អ្នកវិនិយោគរបស់ទីម័រខាងកើត មកកាន់កម្ពុជា។

សម្តេចបានលើកទឹកចិត្តឱ្យជំរុញ អនុវត្តលើរាល់អនុស្សារណៈទាំងឡាយណា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាហើយ ហើយក៏បានស្នើសុំឱ្យមានការពិនិត្យជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក៏ដូចជាវិស័យ សន្តិសុខផងដែរ៕

To Top